ការដាក់ចេញនូវវិធានការបន្ថែមរបស់រដ្ឋាភិបាលសំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺកូវីដ-១៩ នាពេលនេះ គឺសំដៅធានាលំនឹង នៃសេដ្ឋកិច្ច និងសង្គម ពិសេសរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសឲ្យបន្តអាជីវកម្មឆ្លងផុតពីវិបត្តិកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ទៀតថា វិធានការជំរុញសេដ្ឋកិច្ចជុំទី៤ នេះក៏បានគិតគូរដល់ការបង្កើនចូលរួមចំណែកបន្ធូរបន្ទុកនៃការរស់នៅរបស់ពលរដ្ឋក្រីក្រតាមរយៈកម្មវិធីជំនួយសង្គមផងដែរ។
លើសពីនេះទៅទៀត វិធានការជុំទី៤នេះ ក៏បានផ្តោតទៅលើការជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺនេះ។
សេចក្តីប្រកាសបញ្ជាក់ទៀតថា រដ្ឋាភិបាលនៅតែបន្តជួយវិស័យទេសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធប្រចាំខែរយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។
លើសពីនេះទៅទៀតនោះ បន្តអនុញ្ញាតឲ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាពក្នុងអំឡុងព្យួរការងារ និងជាពិសេសបន្តលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១ និងវិធានការសំខាន់មួយទៀតគឺវិធានការផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម។
ជាការអះអាង របស់រដ្ឋាភិបាល នឹងបន្តតាមដានយ៉ាងជាប់ជានិច្ចនូវសភាពការផលប៉ះពាល់ពីជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងសង្គមជាតិ និងត្រៀមជាស្រេចក្នុងការដាក់ចេញវិធានការបន្ថែម ដើម្បីផ្តល់នូវការជួយគាំទ្រសមស្រប និងតាមការចាំបាច់ ដល់ក្រុមហ៊ុនអាជីវកម្ម កម្មករ និយោជិត និងក្រុមប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕