គម្រោងវិនិយោគនៅកម្ពុជាបន្ដកើនឡើង ទោះសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់


នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១១គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៣ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគ មានការកើនឡើងចំនួន ១៤គម្រោង ខណៈទំហំវិនិយោគវិញ កើនឡើង ១០លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្ដល់ជូនសារព័ត៌មានខេមបូណូមីស។
សំណង់អគារនៅរាជធានីភ្នំពេញ
ដោយ

ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន បើទោះបីពិភពលោកបាននិងកំពុងជួបនូវវិបត្តិជាបន្តបន្ទាប់ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី កាលពីពេលថ្មីៗនេះ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគលើគម្រោងថ្មី ចំនួន១១១គម្រោង ដែលមានទំហំទុនវិនិយោគសរុប ជាង ៣ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគ ចំនួន ២០គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុប ៤៦០លានដុល្លារ និងគម្រោងវិនិយោគចំនួន ៩១គម្រោង ស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជាង ២ពាន់៦រយលានដុល្លារ។

បើយោងតាមប្រសាសន៍កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដ្បិតពិភពលោកបាន និងកំពុងប្រែប្រួល និងមានភាពលំបាក ដែលបណ្ដាលមកពីវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ដូចជា បញ្ហាផ្សេងៗ ប៉ុន្ដែសម្រាប់វិស័យវិនិយោគនៅកម្ពុជា នៅតែមានភាពនឹងន និងទទួលបានឱកាសវិនិយោគ ជាបន្តបន្ទាប់ ពីក្រុមវិនិយោគទាំងក្នុង និងក្រៅស្រុក។ បើតាមសម្ដេចតេជោ ហ៊ុន សែន ការកើនឡើងនៃគម្រោងវិនិយោគនៅកម្ពុជា គឺមានការចូលរួមយ៉ាងសំខាន់ ពីវិនិយោគិនក្នុងស្រុកដោយផ្ទាល់ មិនមែនពឹងផ្អែក តែលើវិនិយោគិនពីបរទេសនោះទេ។ ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានកត់សម្គាល់ឃើញដែរថា នាពេលបច្ចុប្បន្ន ការវិនិយោគនៅក្នុងប្រទេសកាន់តែដើរតួនាទីយ៉ាងសំខាន់ ពិសេសការវិវត្ត និងភាពរីកចម្រើននៃគម្រោងខុនដូរ និងបុរី ដែលភាគច្រើនសុទ្ធសឹងជាការវិនិយោគនៅក្នុងស្រុក។

ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិញ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សុខភាពសាធារណៈ និងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ គឺជាកត្តាដ៏សំខាន់ ក្នុងការជំរុញការវិនិយោគនៅកម្ពុជា ពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសិរីកម្ពុជា-ចិន,កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ជាដើម សុទ្ធតែជាកត្តាសំខាន់ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមឲ្យមកវិនិយោគនៅកម្ពុជា។ បើតាមឧកញ៉ា លឹម ហេង ស្របពេលដែលមហាអំណាចចិន និងអាមេរិក កំពុងកើតមានសង្រ្គាមពាណិជ្ជកម្មរវាងគ្នា វាក៏អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាង១០០គម្រោង នៅរយៈពេល ៧ខែ ឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ៩៨គម្រោង។ រីឯ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៧គម្រោង។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៥គម្រោង និងវិស័យទេសចរណ៍ មានតែ ១គម្រោងប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


សិង្ហបុរី នឹងទិញថាមពលវារីអគ្គិសនីពីប្រទេសឡាវ ដើម្បីបំពេញមហិច្ឆតាក្នុងការនាំចូលថាមពលកកើតឡើងវិញ

សិង្ហបុរីទិញថាមពលអគ្គិសនី ពីប្រភពវារីអគ្គិសនីនៅក្នុងប្រទេសឡាវ ខណៈវាជាជំហានដំបូងមួយ នៅក្នុងផែនការ មហិច្ឆតារបស់ប្រទេសដ៏តូចនេះក្នុងការនាំ…

ធនាគារកណ្តាលស្រីលង្កាបានរក្សាអត្រាការប្រាក់នៅថេរ ដោយរំពឹងថា អតិផរណានឹងបានធូរស្រាលជាងមុន

ធនាគារកណ្តាលស្រីលង្កា (CBSL) បានរក្សាអត្រាការប្រាក់ ១៥.៥០%របស់ខ្លួនឱ្យនៅថេរ នៅថ្ងៃ១៨ ខែសីហា ដោយមិនបានដំឡើងបន្ថែមទៀតនោះទេ បើទោះបីជា អតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ