បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាប់តាំងពីខែមេសាឆ្នាំ ២០២១មក កំណើនអ្នកស្នើសុំរៀបចំប្រាក់កម្ចីឡើងវិញ កើនពីខ្ទង់រយនាក់ មកខ្ទង់រាប់ពាន់នាក់ ក្នុង១សប្តាហ៍ ខណៈចំនួនអ្នកដែលទទួលបានការអនុម័តឲ្យរៀបចំប្រាក់កម្ចីឡើងវិញ មានប្រមាណ៣៤ម៉ឺននាក់ ក្នុងចំណោមអ្នកស្នើសុំជាង៣៦ម៉ឺននាក់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ខេមបូណូមីសថា សមាជិករបស់សមាគមមីក្រូហិរញ្ញកម្ពុជា ទាំង ១១៤ ក្នុងនោះមានធនាគារពាណិជ្ជធំៗចំនួន៤ ផងដែរ កំពុងតែមមាញឹកក្នុងបន្តការរៀបចំឥណទានឡើងវិញជូនដល់អតិថិជនរបស់ខ្លួន ដោយសារចំនួនពលរដ្ឋដែលស្នើរៀបចំប្រាក់កម្ចីឡើងវិញមានចំនួនកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខែមេសា រហូតដល់ដើមខែមិថុនានេះ។
លោក កាំង តុងងី បានបញ្ជាក់ថា ចាប់តាំងពីខែមេសា កំណើនអ្នកស្នើសុំរៀបចំប្រាក់កម្ចីឡើងវិញ កើនពីខ្ទង់រាប់រយនាក់ រហូតមកដល់ ៧ពាន់នាក់ក្នុង១សប្តាហ៍ៗ ពោលគឺបានកើនឡើងជាង១០ដង បើធៀបនឹងមុនពេលផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភះ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ខេមបូណូមីស ទៀតថា ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញ អាចនឹងនៅតែបន្តកើនឡើងរហូតដល់ខែកក្កដា ប៉ុន្តែអាចនឹងថមថយបន្តិចវិញនៅខែសីហា បើសិនការរាតត្បាតនៃជំងឺកូវីដ១៩ បានធូរស្បើយ។ ទោះបីបែបនេះក្តី ការកើនឡើងឬថមថយ ពិបាកនឹងប៉ាន់ស្មាន ព្រោះអាស្រ័យទៅលើស្ថានភាពកូវីដ១៩។
គួរម្លឹកថា ធនាគារជាតិនៃកម្ពុជា (NBC) បានជូនដំណឹងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវបន្តរៀបចំឥណទានឡើងវិញដល់អតិថិជនរបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំ២០២១ ខណៈដែលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ នៅតែបន្តកើនឡើងជារៀងរាល់ ដោយជាមធ្យមមានអ្នកឆ្លងប្រចាំថ្ងៃប្រមាណពីជាង ៤០០ទៅជាង៦០០នាក់។
បើយោងតាមរបាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២១ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានមានសរុបជាង ៧.៣០០ លានដុល្លារ ដោយចំនួន ស្មើនឹងអតិថិជនជាង ២លានគ្រួសារ ខណៈប្រាក់បញ្ញើសរុបមានចំនួន ៣.៨០០ លានដុល្លារ ដោយមានអតិថិជនដាក់ប្រាក់បញ្ញើចំនួន ២លាន៨ សែននាក់៕