ការឡើងថ្លៃនៃតម្លៃប្រេងសាំងនេះ គឺធ្វើឡើងស្របទៅតាមនិន្នាការទីផ្សារប្រេងពិភពលោកដែលកំពុងហក់ឡើងខ្ពស់ ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបង្កជាហានិភ័យដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។
សេចក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាដែលត្រូវដាក់លក់ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា មានតម្លៃ ៥ពាន់៣រយរៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏ឡើងថ្លៃដល់៥ពាន់៣រយរៀលក្នុងមួយលីត្រដូចគ្នាដែរ។ បើធៀបនឹងនឹងតម្លៃចាស់ដែលលក់នៅពាក់កណ្ដាលខែមីនាកន្លង ឃើញថា តម្លៃប្រេងសាំងធម្មតា ឡើងថ្លៃបន្ថែម ៥០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតវិញឡើងថ្លៃបន្ថែម៨០០រៀលឯណោះក្នុងមួយលីត្រ។
ការឡើងថ្លៃ នៃតម្លៃប្រេងសាំងនេះ វាត្រូវបានអ្នកជំនាញមើលឃើញថា គឺមួយផ្នែកធំ គឺបណ្ដាលមកពីវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កឲ្យមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គត់ប្រេងឆៅ និងឧស្ម័ន។ ហើយមិនមែនមានតែកម្ពុជាទេ ដែលជួបញ្ហាប្រេងសាំងឡើងថ្លៃនេះ ប្រទេសស្ទើរតែទាំងអស់ សុទ្ធតែជួបប្រទះដូចគ្នាដែរ។
ពិតណាស់ បញ្ហាតម្លៃប្រេងសាំងឡើងថ្លៃនេះ ចង់មិនចង់ វាគឺបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែវាបង្កឲ្យតម្លៃទំនិញលើទីផ្សារមានការឡើងថ្លៃខ្ពស់ ហើយអ្នកប្រកបរបររត់តាក់ស៊ី កង់បី ដែលប្រើប្រាស់ប្រេងសាំង ក៏ត្រូវប្រឈមនឹងបញ្ហាប្រេងសាំងឡើងថ្លៃនេះដែរ។
នៅចំពេលដែលតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលឡើងថ្លៃខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្មីៗនេះបានគូសបញ្ជាក់ដែរថា ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលកំណត់តម្លៃប្រេងឥន្ធនៈ ពីរយៈពេល ១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីឱ្យឆាប់មានការផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឱ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈផងដែរ។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ដោយសារជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី និងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីទៅកន្លែងផ្សេងៗ ពិតជាបានជះឥទ្ធិពលខ្លះដែរទៅដល់ការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅកម្ពុជា។
សំណួរសួរថា តើនៅពេលប្រេងសាំងឡើងថ្លៃខ្ពស់បែបនេះ តើរាជរដ្ឋាភិបាលអាចនឹងមានវិធានការបញ្ចុះពន្ធប្រេងសាំងឲ្យតម្លៃមានការថយចុះដែរទេ?
ពាក់ព័ន្ធនឹងសំណួរនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងគូសបញ្ជាក់ក្នុងវេទិកា ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ កាលពីខែកុម្ភៈថា ការបញ្ចុះពន្ធលើប្រេងសាំងបន្ថែមទៀត សម្រាប់កម្ពុជានៅពេលនេះ មិនទាន់ជាជម្រើសល្អនោះទេ។
ឯកឧត្តម វង្សី វិស្សុត បានពន្យល់យ៉ាងដូច្នេះថា កាលណាបញ្ចុះពន្ធ មានន័យថា ប្រាក់ចំណូលរបស់ជាតិនឹងត្រូវធ្លាក់ចុះ ដូច្នេះ រាជរដ្ឋាភិបាលមិនទាន់អាចបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈបាននោះទេ ហើយវាមិនមែនជាជម្រើសល្អសម្រាប់កម្ពុជានោះទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ចំណូល និងថវិកាជាតិ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ពិសេសគឺជួយទៅដល់ពលរដ្ឋក្រីក្រ ងាយរងគ្រោះដោយសារតែវិបត្តិកូវីដ១៩។
ក៏ប៉ុន្តែ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏មិនបានបណ្ដោយឱ្យតម្លៃប្រេងឥន្ធនៈ ឡើងតាមចិត្តនៅលើទីផ្សារនោះដែរ។ កន្លងមក រាជរដ្ឋាភិបាលបានកំណត់ទំហំពន្ធមួយដែលច្បាស់លាស់ ជាមូលដ្ឋាន បើទោះជាតម្លៃប្រេងឡើង ឬចុះខ្លាំង ប៉ុន្ដែ តម្លៃប្រេងលក់រាយលើទីផ្សារមិនឡើងថ្លៃខ្ពស់ខ្លាំងនោះទេ។ បន្ថែមនោះ ក្រសួងពាណិជ្ជកម្ម បានតាមដានការលក់រាយរៀងរាល់ខែ ដើម្បីកំណត់ថ្លៃប្រេងឥន្ធនៈលក់នៅតាមស្ថានីយនីមួយ សម្រាប់ប្រេងសាំងធម្មតា និងម៉ាសូត កុំឱ្យមានកេងបន្លំផ្សេងៗផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ