របាយការណ៍ពន្ធដារ នៅឆមាសទី១ នៃឆ្នាំ២០២០ ដែលបានបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀតថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលពន្ធ ២ ប្រភេទ នៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ អាករលើតម្លៃបន្ថែមប្រមូលបានជាង១.៣៨៥ ពាន់លានរៀល (ប្រមាណ ៣៣៦លានដុល្លារអាមេរិក) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កើនឡើងជាង ៤,៨% និងពន្ធលើប្រាក់ចំណូលមានជាង២.៧១០ ពាន់លានរៀល (ប្រមាណ ៦៥៧លានដុល្លារអាមេរិក) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ កើនឡើងជាង២៣%។
ដោយឡែក ចំពោះលទ្ធផលនៃការប្រមូលចំណូលក្នុងខែមិថុនា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួនប្រមាណ ២០០ដុល្លារអាមេរិក ស្មើនឹង៧%នៃផែនការប្រចាំឆ្នាំ។
គួរបញ្ជាក់ថានៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិកាប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ចំពោះការប្រមូលចំណូលនៅឆ្នាំ២០២១ខាងមុខនេះ ចំណូលពន្ធដារនឹងមិនមានសន្ទុះកំណើនខ្លាំងដូចមុនទៀតនោះឡើយ ដោយសារតែមានអាជីវកម្មជាច្រើនដែលរងផលប៉ះពាល់ពីកូវីដ-១៩ រកស៊ីមិនចំណេញប្រាក់ច្រើនដូចមុននោះទេ។ ប៉ុន្ដែសម្រាប់ចំណូលពន្ធគយវិញ អាចនឹងមានងើបឡើងគួរឲ្យកត់សម្គាល់ ដោយសារតែសកម្មភាពសេដ្ឋកិច្ចស្ទុះងើបឡើងវិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ចំណូលពន្ធដារប្រមូលបានជាង ២.៨១៩ លានដុល្លារ កើនឡើងលើសផែនការប្រចាំឆ្នាំ២០១៩ ចំនួន២៣,២០% ហើយចំនួននេះ បើធៀបនឹងការប្រមូលចំណូលកាលពីឆ្នាំ២០១៨ គឺមានកំណើន ២៨,២៨%។
គួររំឭក កាលពីឆ្នាំ២០១៩ បើបូកសរុបចំណូលទាំងពន្ធគយ និងពន្ធដារ ឃើញថាចំណូលពន្ធដែលប្រមូលបានដោយស្ថាប័នជាតិទាំងពីរនេះ សរុបមានដល់ទៅ ជាង៦ពាន់លានដុល្លារអាមេរិកឯណោះ។ ក្នុងនោះដែរ ពន្ធគយប្រមូលបានជាង៣.២១៥ លានដុល្លារអាមេរិក កើនឡើង៣០%ធៀបនឹងឆ្នាំ២០១៨ និងមានលើសផែនការដែលបានកំណត់ប្រមាណ ៤២,៧%៕