គំនិតផ្ដួចផ្ដើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងការ បង្កើតរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឹកូវីដ១៩ លើកដំបូងនៅកម្ពុជា ចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការ ក្រោយកម្ពុជា បានស្នើទៅភាគីចិន ជាបន្តបន្ទាប់ ដើម្បីពន្លឿនដំណើរការនៃការសាងសង់។
រោងចក្រនេះ ត្រូវបានវិនិយោគក្រោមកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន ក្នុងតម្លៃទុនដំណាក់កាលដំបូងប្រមាណ ១០០លានដុល្លារ ដែលនឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។ ជុំវិញដំណើរការនៃការសាងសង់រោងចក្រវេចខ្ចប់និងច្រកវ៉ាក់សាំងនេះ ត្រូវបានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា គូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល» លោកជំទាវ យក់ សម្បត្តិ បានអះអាងបន្តថា គិតមកដល់ពេលនេះ ការចាក់បំពេញដីស្ទើរតែសម្រេចបាន ១០០ភាគរយហើយ ខណៈការបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រុមហ៊ុនអាចនឹងចាប់ផ្ដើម នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ បើតាមមន្រ្តីក្រសួងសុខាភិបាលរូបនេះ ក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការវេចខ្ចប់និងច្រកវ៉ាក់សាំងកូវីដ១៩នេះ គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ផ្នែកឱសថនៅក្នុងស្រុក និងបានពង្រីកខ្លួនសិក្សាស្វែងយល់បន្ថែមទាក់ទងនឹងបច្ចេកទេសពីប្រទេសចិន ដើម្បីវេចខ្ចប់និងច្រកវ៉ាក់សាំង សម្រេចចែកចាយ និងផ្គត់ផ្គង់។
សូមបញ្ជាក់ថា ជុំវិញការបង្កើតរោងចក្រវេចខ្ចប់និងច្រកវ៉ាក់សាំងដំបូងនៅកម្ពុជានេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ រោងចក្រនេះទៀតសោត គឺសម្រាប់បម្រើឲ្យការច្រក និងវេចខ្ចប់វ៉ាក់សាំងប្រភេទ Sinovac ដែលនឹងដឹកមកពីប្រទេសចិន ហើយរោងចក្រនេះ គ្រោងបញ្ចប់ការសាងសង់ និងដាក់ដំណើរការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ ២០២៤ ខាងមុខ៕