បើតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមក្រុមហ៊ុនអាកាសយានដ្ឋានទាំង១២ប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Vinci គឺសុទ្ធតែមានចំនួនអ្នកដំណើរធ្លាក់ចុះចាប់ពីអត្រាប្រមាណ៥០%ឡើងទៅ ហើយក្នុងនោះ អាកាសយានដ្ឋាននៅប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងជាងគេដល់ទៅជាង ៨១% ។ សរុបជារួម ក្រុមហ៊ុន Vinci មានការធ្លាក់ចុះចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានទាំងអស់ ប្រមាណ ៧០%។
ការធ្លាក់ចុះនៃចំនួនអ្នកដំណើរយ៉ាងគំហុកយ៉ាងដូច្នេះ គឺដោយសារតែមានវិបត្តិនៃមេរោគរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យមានការរឹតត្បឹតលើការធ្វើដំណើរក្នុងសកលលោក។
នៅឆ្នាំ២០២០ សម្រាប់ការធ្វើដំណើរតាមអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរជាង១លាន៣សែននាក់ ធ្លាក់ចុះប្រមាណ ៧៨%។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរប្រមាណ៦២ម៉ឺននាក់ ធ្លាក់ចុះជាង៨៤% និងអាកាសយានដ្ឋានក្នុងខេត្តព្រះសីហនុ មានអ្នកដំណើរប្រមាណជាង២២ម៉ឺនាក់ ធ្លាក់ចុះប្រមាណ៨៧%។
សូមបញ្ជាក់ថា ក្រុមហ៊ុនបារាំង Vinci ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសយាន្ដដ្ឋានកម្ពុជា ដោយកាន់កាប់ចំណែកភាគហ៊ុន ៧០% ខណៈដែលក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ីនោះ មានចំណែក ៣០%៕