លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា នៅឆមាសទី១ឆ្នាំ២០២៣ ហាក់មានទំនោរធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ដោយការធ្លាក់ចុះក៏បានទាញទម្លាក់ការនាំចេញសរុបរបស់កម្ពុជាឱ្យមានការធ្លាក់ចុះដូចគ្នាដែរ។
ទោះបីការនាំចេញផលិតសម្លៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើររបស់កម្ពុជា មានការធ្លាក់ចុះតែអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កម្ពុជាហាក់អាចសម្របខ្លួនបានជាមួយនឹងតម្រូវការពីការខាងក្រៅ ជាមួយកំណើននៃការនាំចេញផលិតផលមិនមែនកាត់ដេរ។
នេះបើតាមការអះអាងរបស់លោក លី សូដេត ដោយបានបន្តថា ការរួមចំណែកនៃវិស័យកាត់ដេរបានថយចុះពីប្រមាណ៨០% មកនៅត្រឹមជាង៣០%ប៉ុណ្ណោះ ក្នុងការនាំចេញទំនិញសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនាពេលបច្ចុប្បន្ន។
ទោះជាបែបនេះក្ដី សម្រាប់វិស័យកាត់ដេរនៅកម្ពុជា នាឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបានអ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះយល់ឃើញថា នឹងបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ ពោលគឺនឹងមានស្ថានភាពប្រសើរជាងឆ្នាំ២០២៣នេះ។
ដោយឡែក សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣នេះ ហាក់មិនទាន់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញនៅឡើយទេ។
តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅតែរំពឹងយ៉ាងមុតមាំថា វិស័យកាត់ដេរនៅកម្ពុជា ឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរឡើងវិញ។ ល្អប្រសើរ ក៏ដោយសារតែកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដែលជាទីផ្សារធំមួយដែលមានតម្រូវការផ្នែកសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ពីកម្ពុជា។
ម្យ៉ាងវិញទៀត កម្ពុជារំពឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធបន្ថែមពីប្រទេសអង់គ្លេសក្នុងការជួយជំរុញដល់ការនាំចេញផលិតផលកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង របស់កម្ពុជា។ សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ដ្បិតប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក ដែលផ្ដល់ឲ្យកម្ពុជា ត្រូវបានផ្ដាច់ ក៏ពិតមែន តែទីផ្សារមួយនេះ នៅតែមានតម្រូវការផលិតផលកាត់ដេរពីប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង៤ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ថយចុះជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ដោយឡែក បើតាមរបាយការណ៍របស់សមាគមកាត់ដេរនៅកម្ពុជា ដែលផ្ដល់ឲ្យសារព័ត៌មានខេមបូណូមីស នៅ១០ខែ ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះ ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
កត្តាដែលធ្វើឲ្យការនាំចេញផលិតផលកាត់ដេរកម្ពុជា ថយចុះខ្លាំង គឺដោយសារវិបត្តិសកលដែលបានកើតឡើងជាបន្តបន្ទាប់បានធ្វើឲ្យសេដ្ឋកិច្ចសកល និងតម្រូវការខាងក្រៅមានការធ្លាក់ចុះ៕