លោកស្រី កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួយ លីលី បានឲ្យដឹងថា ការរីករាលដាលនៃមេរោគកូវីឌ ១៩ កំពុងគំរាមកំហែងដល់ការផលិតក្នុងស្រុកដែលជាក់ស្តែងសហគ្រាសលោកស្រីបានកាត់បន្ថយការផលិតរហូត៥០ភាគរយ ដោយសារការបញ្ជារទិញនៅទីផ្សារខាងក្រៅត្រូវបានកាត់បន្ថយ ខណៈអ្នកឆ្លងមេរោគកូវីដ ១៩នេះនៅបន្តកើនឡើង។
លោកស្រី បានឲ្យដឹងទៀតថា ដំណើរការផលិតកម្មក្នុងស្រុករបស់លោកស្រីពេលនេះមិនត្រឹមតែជួបបញ្ហាប្រឈមនៃជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ បញ្ហាអគ្គីសនីក៏នៅតែជាក្តីកង្វល់ធំមួយផងដែរ ជាក់ស្តែងការដែលដាច់ចរន្តអគ្គីសនីញឹកញ៉ាប់ពេកនៅប៉ុន្មានខែចុងក្រោយនេះបានធ្វើឲ្យផលិតកម្មលោកស្រីរាំងស្ទះ និងបានខូចខាតនៅផលិតផលដែលកំពុងផលិតនោះជាច្រើន។
លោកស្រីបញ្ជាក់ថា ក្នុងដំណាក់កាលនេះក្រុមហ៊ុនកំពុងជួបបញ្ហាធំ ដែលការផលិតត្រូវបានកាត់បន្ថយរហូត ៥០ ភាគរយ ទន្ទឹមនឹងកម្លាំងពលកម្មមិនត្រូវបានកាត់បន្ថយស្របពេលដែលផលិតផលដែលផលិតបានត្រូវលក់ចេញបានត្រឹម៥០ភាគរយ ធៀបនឹងពេលធម្មតាមិនទាន់មានមេរោគកូវីឌ ១៩ កើតឡើង។
បើតាមលោកស្រីកែវ មុំ គិតមកដល់ពេលនេះផលិតកម្មលោកស្រីនៅតែបន្តអាចនាំចេញបាន ប៉ុន្តែខ្វះការបញ្ជារទិញដែលធ្វើឲ្យការបញ្ជារទិញមានការថយចុះជាខ្លាំង។ ប៉ុន្តែយ៉ាងណាក្នុងស្ថានការនេះលោកស្រីនៅតែបន្តឃ្លាំមើលពីការរីករាលដាលនៃមេរោគកូវីឌ ១៩ និយាយជារួមទៅផលិតកម្មរបស់លោកស្រីគឺត្រូវផលិតទៅតាមតម្រូវការទីផ្សារប៉ុណ្ណោះ ហើយចំណែកឯបុគ្គលិក ដែលជាកម្មករវិញក៏នៅតែបន្តធ្វើការងារដដែលដោយពុំបានការកាត់បន្ថយឡើយ។
លោកស្រីបានឲ្យដឹងទៀតថា ប្រសិនបើមេរោគកូវីឌ ១៩ នេះបន្តរីករាលដាលកាន់តែខ្លាំងឡើងៗនោះពិតណាស់អាជីវកម្មផលិតក្នុងស្រុកនឹងឈានទៅការផ្អាកការផលិតមួយរយៈ ដែលការផ្អាកនេះក៏នឹងប៉ះពាល់ដល់ហិរញ្ញវត្ថុផងដែរ។ ក្នុងស្ថានការណ៍នេះ ជាការប្រសើរប្រសិនបើខាងធនាគារអាចចូលរួមកាត់បន្ថយនូវអត្រាកាប្រាក់ ក៏ដូចជាផ្អាកការសងទុនរំលោះប្រចាំខែក្នុងកំឡុងពេលដែលយើងកំពុងជួបបញ្ហាកូវីដនេះ ក៏វាអាចបន្ធូរបន្ថយដល់ឧស្សាហកម្មក្នុងស្រុកបានមួយកម្រិតដែរ។
លោកស្រីឲ្យដឹងទៀតថា គ្រប់ការធ្វើអាជីវកម្មទាំងឡាយសុទ្ធតែមានការជំពាក់ប្រាក់តគ្នាទៅវិញទៅមក ដូច្នេះក្នុងកំឡុងពេលដ៏លំបាកនេះយើងក៏មិនអាចទៅទាប្រាក់ពីអ្នកជំពាក់យើងបានងាយស្រួលដែរ ដែលទាំងអស់នេះហើយបានជាធ្វើឲ្យមានការរាំងស្ទះដល់ហិរញ្ញវត្ថុ។ និយាយដូច្នេះមិនមែនសំដៅតែបញ្ហាឯកបុគ្គលនោះទេ វាជបញ្ហារួមនៃម្ចាស់អាជីវកម្មទាំងអស់គ្នា។
ជុំវិញនឹងបញ្ហានេះខាងលើនេះដែរ លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថាក្នុងពេលនេះសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាកំពុងតែអនុវត្តការស្រង់ទិន្នន័យពីផលប៉ះពាល់របស់សហគ្រាសទាំង ២៥ខេត្តក្រុង ដែលបណ្តាលមកពីមេរោគកូវីដ ១៩ ដូច្នេះក្នុងដំណាក់លនេះយើងមិនទាន់អាចវាយតម្លៃនៃផលប៉ះពាល់ក្នុងទំហំណាមួយបាននៅឡើយទេ តែយ៉ាងណាសហគ្រាសទាំងនោះពិតណាស់គឺនឹងមានផលប៉ះពាល់ដូចគ្នា។
លោកឧកញ៉ាអះអាងថា នេះជាផលប៉ះពាលរួម ដូច្នេះសហគ្រាសក្នុងស្រុកត្រូវបន្តការផលិតជាមួយនឹងការតាំងចិត្តខ្ពស់ថា នឹងត្រូវជំនះឧបសគ្គនេះដោយប្រឹងយកឈ្នះវាឲ្យទាល់តែបាន ដើម្បីជម្រុញបង្កើនកែច្នៃផលិតផលក្នុងស្រុកឲ្យកាន់តែសម្បូរបែបឆ្លើយតបតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល៕