រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាង បើទោះបីជា កន្លងមកកម្ពុជាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្ដែ វិស័យអចលនទ្រព្យរបស់កម្ពុជានៅតែសក្ដានុពលខ្ពស់ និងតម្លៃទាបសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងផ្សេងៗទៀត។ បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២១ វិស័យអចលនទ្រព្យ រំពឹងមានកំណើនទាបត្រឹម ២,៤% និងបន្ដងើបឡើងដល់ ៤,៨% នៅឆ្នាំ២០២២។
ថ្លែងនៅក្នុងឱកាសបើកសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន តាមប្រព័ន្ធវីដេអូ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការលូតលាស់នៃវិស័យអចលនទ្រព្យរបស់កម្ពុជា គឺធ្វើឡើងស្របគ្នាទៅនឹងការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែរ។ ឯកឧត្តម បន្ថែមថា វិស័យអលចនទ្រព្យកម្ពុជាត្រូវព្យាករថា នឹងមានកំណើនទាបត្រឹម២,៤% ប៉ុណ្ណោះនៅឆ្នាំ២០២១ និងបន្ដកើនឡើងដល់៤,៨%នៅឆ្នាំ២០២២។ ការងើបឡើងនៃវិស័យអចលនទ្រព្យនេះ ដោយសារតែមានការកើនឡើងជាសន្សឹមៗនូវលំហូរទុនវិនិយោគពីក្រៅប្រទេសខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុដែលមានតម្លៃទាប និងមធ្យម នឹងបន្ដកំណើនល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ទៀតថា ទោះបីជាកម្ពុជា ប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្ដី ប៉ុន្ដែ វិស័យអចលនទ្រព្យ នៅតែមានសក្ដានុពលខ្ពស់ និងមានតម្លៃទាបសម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។ ក្នុងនោះ តំបន់សក្ដានុពលសម្រាប់ការវិនិយោគអចលនទ្រព្យរួមមានដូចជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបច្ចុប្បន្ន មានគម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងតែបន្ដការអនុវត្តសាង់សង់យ៉ាងសកម្ម។ បន្ទាប់ពីនេះ គឺខេត្តព្រះសីហនុ, ខេត្ដសៀមរាប, ក្រុងបាវិត និងក្រុងប៉ោយប៉ែតជាដើម។ជុំវិញទៅនឹងការវិនិយោគវិស័យអចលនទ្រព្យនេះដែរ ឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនបម្រើសេវាអចលនទ្រព្យស៊ីភីអិល បានលើកឡើងថា នៅអំឡុងពេលវិបត្តិកូវីដ១៩នេះ វិស័យអលនទ្រព្យហាក់មានសភាពទ្រឹង ក៏ប៉ុន្ដែតម្លៃអចលនទ្រព្យមិនមានការស្រុតចុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ អ្នកជំនាញរូបនេះ អះអាងទៀតថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្ដានុពលវិនិយោគខ្ពស់សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ព្រោះតម្លៃអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នគឺមានតម្លៃទាបនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។ ឧកញ៉ា ចេង ខេង រំពឹងថា វិស័យអចលនទ្រព្យអាចនឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញ ក្នុងពេលខាងមុខនេះ ដ្បិតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យរួចហើយ រួមទាំងវិស័យទេសចរណ៍ផងដដែរ។
តាមការព្យាកររបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នឹងសម្រេចបានកំណើនទាបត្រឹម២,៤% ដោយសារតែការអូសបន្លាយនៃជំងឺកូវីដ១៩ និងការំពឹងទុកនៃការរងើបឡើងវិញយឺតនៃតម្រូវការសកល ជាមួយនឹងការបន្ធុរបន្ថយនូវវិធានការរដ្ឋបាលជាដំណាក់ៗ និងការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច។ ដោយឡែក ក្នុងនៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៤,៨% ដោយសារតែការបន្ដងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសកល៕