វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញជឿជាក់ថា វិស័យអចលនទ្រព្យនៅឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន?


វិស័យអចលនទ្រព្យកម្ពុជា បានជួបបញ្ហាប្រឈម និងភាពរង្គោះរង្គើជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម បញ្ហាសេដ្ឋកិច្ចសកល ក៏ដូចជាការឹតបន្តឹងរបស់វិស័យធនាគារជាដើម។ តែយ៉ាងណា ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា រំពឹងថា វិស័យដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយនេះ នៅក្នុងឆ្នាំ២០២៥នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៤កន្លងទៅ។ តើមានកត្តាអ្វីជំរុញឱ្យក្រុមអ្នកជំនាញមានក្តីរំពឹងបែបនេះ?
វិស័យអចលនទ្រព្យ
ដោយ

លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានវាយតម្លៃខ្ពស់ និងជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ២០២៥ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៤កន្លងទៅ។ ការរំពឹងបែបនេះ ក៏ដោយសារនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការលើកទឹកចិត្តមួយចំនួន ដើម្បីជួយគាំទ្រ និងជំរុញវិស័យអចលនទ្រព្យកម្ពុជា ឱ្យងើបប្រសើរឡើងវិញ តួយ៉ាងតាមរយៈការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃក្រោម ឬស្មើ២១ម៉ឺនដុល្លារ ក៏ដូចជាយន្តការផ្ទេរកម្ចីរបស់អតិថិជនពីការបង់រំលស់ផ្ទះជាមួយម្ចាស់បុរីមកបង់ជាមួយគ្រឹះស្ថានធនាគារក្នុងអត្រាការប្រាក់ទាបជាដើម។

​មិន​ខុសគ្នានោះទេ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា តាមរយៈយន្តការជន្ទល់ធំៗចំនួន២ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសម្រាប់ជួយគាំទ្រ និងជំរុញការអភិវឌ្ឍរបស់វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥ នេះ លោកជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំនេះនឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២៤ ជាក់ជាពុំខាន ពោលគឺលោកបានចាត់ទុកឆ្នាំនេះ គឺជាឆ្នាំចាប់ផ្តើមនៃការងើបឡើងវិញរបស់វិស័យអចលនទ្រព្យកម្ពុជា ក្រោយវិស័យនេះបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ។

​បើតាមការបញ្ជាក់របស់ លោក សេង សុភ័ក្រ ទោះបីជាចរន្តទិញលក់នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចនឹងមានកំណើនល្អប្រសើរនៅក្នុងឆ្នាំ២០២៥ ក៏ពិតមែន ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំនេះ លោក វាយតម្លៃថា ទំនងជាមិនទាន់អាចមានការកើនឡើងមកវិញនោះទេ ដោយសារតែពេលកន្លងមកការផ្គត់ផ្គង់មានច្រើនលើសតម្រូវការ។ ទន្ទឹមនេះ លោកសង្កេតឃើញថា បច្ចុប្បន្នចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យ ដែលមានសកម្មភាពមមាញឹកឡើងវិញភាគច្រើនជាការទិញលក់ដីធ្លីយកទៅវិនិយោគលើវិស័យកសិកម្ម និងសម្រាប់សាងសង់រោងចក្រសហគ្រាសនានាជាដើម។

​គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ​កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអចលនទ្រព្យកម្ពុជា តាមរយៈការដាក់ចេញនូវយន្តការលើកទឹកចិត្តមួយចំនួន ដើម្បីធ្វើឱ្យវិស័យដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយនេះ​ងើបប្រសើឡើងវិញបានឆាប់រហ័សប្រកបដោយសក្តានុពល និងនិរន្តរភាព៕




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨១,០០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ

កាលពីថ្ងៃទី១២ ខែមករាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ (CIMB Un…

តើសមាគម CVEA មានផែនការ និងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា?

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដាក់ចេញផែនការ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ