លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាពវិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤នេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣ ក៏ពិតមែន តែវិស័យទេសចរណ៍នៅតែមានសម្ទុះយឺតនៅឡើយ បើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។ កត្តាដែលជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា នៅតែស្ថិតក្នុងស្ថានភាពមិនទាន់ល្អឡើងវិញនេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចមកពីកម្ពុជា មិនទាន់បានធ្វើទីផ្សារទេសចរណ៍របស់ខ្លួនឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរ។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា យន្តការឆ្នាំទស្សនាសៀមរាប២០២៤ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីទាក់ទាញភ្ញៀវទេសចរកាលពីពេលកន្លងទៅ ហាក់មិនទាន់មានផ្លែផ្កាគួរឱ្យកត់សម្គាល់នោះទេ។ តើការផ្សព្វផ្សាយនៃយន្តការនេះទៅកាន់ពិភពលោកសម្រេចបានក្នុងកម្រិតណាហើយ ហើយអ្វីជាយុទ្ធសាស្រ្តទាក់ទាញសម្រាប់យន្តការនេះ? នេះជាការចោទជាសំណួររបស់លោក ធួន ស៊ីណាន។
បើតាមអ្នកជំនាញរូបនេះ ផែនការសម្រាប់អភិវឌ្ឍន៍ និងជំរុញវិស័យទេសចរណ៍របស់កម្ពុជា គឺក្រសួងទេសចរណ៍បានដាក់ចេញជាច្រើនតាំងពីរដ្ឋមន្ត្រីអាណត្តិមុន ក៏ដូចជាអាណត្តិថ្មីនេះផងដែរ ក៏ប៉ុន្តែការយកផែនការទាំងអស់នោះយកមកអនុវត្តឱ្យបានពេញលេញនោះ អ្នកជំនាញរូបនេះអះអាងថា គឺហាក់មិនទាន់មាននៅឡើងទេ ដូច្នេះហើយលោកជឿជាក់ថា ប្រសិនបើក្រសួងអាចអនុវត្តឱ្យបានពេញលេញទៅតាមផែនការរបស់ខ្លួននោះ ប្រាកដណាស់ស្ថានភាពវិស័យទេសចរណ៍របស់កម្ពុជានឹងអាចផ្លាស់ប្តូរងើបឡើងវិញបានលឿនជាងនេះ។ យ៉ាងណាមិញ លោក ធួន ស៊ីណាន ស្នើឱ្យរាជរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាសម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍ សំដៅជួយជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
សូមជម្រាបថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួនជាង២លាន៦សែននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះមានការថយចុះជាង៨% បើធៀបនឹងពេលមិនទាន់ការផ្ទុះវិបត្តិកូវីដ-១៩៕