បច្ចេកវិទ្យាដែលចាប់អារម្មណ៍បំផុតនោះគឺ របាំងការពារទឹកសមុទ្រស្វ័យប្រវត្តិ ដែលប្រទេសនេះកំពុងតែអនុវត្តក្នុងការការពារនូវការកើនឡើងនៃកម្រិតទឹកសមុទ្រលើសពី១,៥ម៉ែត្រ ហើយតាមបទពិសោធន៍របស់ប្រទេសហូឡង់ បច្ចេកទេសនេះ អាចការពារផ្ទៃដី ៤០ ភាគរយស្ថិតនៅក្រោមកម្រិតនីវូទឹកសមុទ្រ។
ក្រោយពេលដែលទឹកជំនន់តែងតែយាយីតំបន់ឆ្នេរ នៃបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា បណ្តាប្រទេសទាំងនោះ បានកំពុងតែចាប់អារម្មណ៍នឹងបទពិសោធន៍របស់ជនជាតិហូឡង់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យានៅក្នុងការការពារឆ្នេរសមុទ្រពីការកើនឡើងនៃកម្រិតទឹកសមុទ្រ ។
សារព័ត៌មាន Channel News Asia បានឲ្យដឹងថា បច្ចេកវិទ្យាដែលជនជាតិហូឡង់ បានប្រើប្រាស់ ជាច្រើនទស្សវត្សក្នុងការគ្រប់គ្រងទឹកដោយសង្ឃឹមថា នឹងជួយកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារ ដែលចំណាយលើប្រព័ន្ធការពារគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ឆ្នេរ និងការខាតបង់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅអាស៊ីអាគ្នេយ៍។
របាំងស្វ័យប្រវត្តិយ៉ាងពេញលេញ ដែលអាចបិទបើកដោយស្វ័យប្រវត្តិនៅពេលដែលកម្រិតទឹកសមុទ្រកើនឡើងលើសពី ១,៥ ម៉ែត្រ ត្រូវបានគេដឹងថា រដ្ឋាភិបាលហូឡង់សាងសង់ឡើងនៅក្នុងឆ្នាំ១៩៩១ ដោយចំណាយលុយប្រមាណជា ៥៤០ លានដុល្លារ និង ជាង ១០លានដុល្លារក្នុងមួយឆ្នាំទៀតដើម្បីសេវាកម្មថែទាំ។ វាជាបច្ចេកវិទ្យានៃ ប្រព័ន្ធការពារទឹកជំនន់ ដើម្បីការពារតំបន់ដីសណ្ដ ដែលប្រជាជាតិនៅអាស៊ីអគ្នេយ៍មួយចំនួនកំពុងចាប់អារម្មណ៍ និងត្រូវការបំផុត។
លោក ទ្យីត ណូតា (Tjitte Nauta) អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងអូសេអានី នៃវិទ្យាស្ថានចំណេះដឹងអនុវត្តរបស់ប្រទេសហូឡង់ ដែលគេស្គាល់ថា ដែលតារេស (Deltares) បាននិយាយថា បានលើកទឹកចិត្តឲ្យប្រទេសអាស៊ាន បង្កើនការយល់ដឹងកាន់តែច្រើន ហើយក៏គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ ដើម្បីទប់ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ។ ក្នុងនោះ បណ្ដាប្រទេស ដូចជា ប្រទេសថៃ វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាចំណុចក្តៅ ដែលងាយនឹងមានទឹកជំនន់ និងការហូរច្រោះឆ្នេរសមុទ្រ។
អ្នកជំនាញដដែលនេះ បាននិយាយទៀតថា ទីក្រុងបាងកកទាំងមូល គឺងាយរងគ្រោះខ្លាំងណាស់ ។ ប្រសិនបើកម្រិតទឹកសមុទ្រកើនឡើង ២ម៉ែត្រ ប្រហែល ២៨ភាគរយនៃចំនួនប្រជាជនថៃ ហើយ ៥២ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅរាជាណាចក្រនេះ នឹងរងផលប៉ះពាល់។
លោកបានបន្តថា នៅប្រទេសឥណ្ឌូនេស៊ី ការកើនឡើងនីវ៉ូទឹកសមុទ្រមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើផ្ទៃដីដ៏ធំនៃដីទំនាបដែលប្រើសម្រាប់ផលិតដូងប្រេង ហើយដូចគ្នានេះទិន្នផលកសិកម្មនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ និងទន្លេក្រហមនៅប្រទេសវៀតណាម ក៏មិនអាចគេរួចដែរ បើនីវូទឹកសមុទ្របន្តឡើង។
ដោយៈ សរ សុជាតិ