កម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ី បានឈានចូលឆ្នាំទី៥របស់ខ្លួនហើយ ដោយទទួលស្គាល់ក្រុមហ៊ុនធានារ៉ាប់រងឆ្នើមបំផុតនៅអាស៊ីប៉ាស៊ីហ្វិកណាដែលឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមក្នុងទីផ្សារ បង្កើនការពេញចិត្តរបស់អតិថិជន និងគុណតម្លៃដល់ភាគីពាក់ព័ន្ធ និងរក្សាប្រាក់ចំណូលខ្ពស់។ នៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងជាង៧០ក្រុមហ៊ុន មកពី២២ប្រទេសបានឈ្នះពានរង្វាន់។
ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) ត្រូវបានទទួលស្គាល់ ក្រោមប្រភេទអាជីវកម្មថ្មីផ្នែកធានារ៉ាប់រងប្រចាំឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធានារ៉ាប់រងទូទៅមួយ ដែលមានការច្នៃប្រឌិតថ្មីបំផុតក្នុងចំណោមក្រុមហ៊ុននានានៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech ដើម្បីផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន។ ពានរង្វាន់នេះទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ស៊ីប៊ី អ៊ីនសួរេន ក្នុងការជំនះនូវបញ្ហាប្រឈមក្នុងវិស័យ (ធានារ៉ាប់រង) ទន្ទឹមនឹងផ្តល់នូវគុណតម្លៃថ្មី និងការច្នៃប្រឌិតដល់អតិថិជនផងដែរ។
តាមរយៈការឈានមុខគេក្នុងវិស័យ ខាងច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) បានក្លាយជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់របស់កម្ពុជាដែលបង្កើតកម្មវិធីទូរស័ព្ទ (mobile application) តាំងពីខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ណែនាំឱ្យប្រើប្រាស់បណ្ណអេឡិចត្រូនិកផ្នែកធានារ៉ាប់រងសុខភាព (Medical e-cards) ដែលផ្តល់់ភាពងាយស្រួល ជំនួសឱ្យបណ្ណពិតៗដែលប្រើប្រាស់ពីមុនមក។ កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ផ្តល់ជូនអតិថិជន នូវភាពងាយស្រួល និង សាមញ្ញក្នុងការទទួលបាននូវព័ត៌មានលម្អិតនៃបណ្ណធានារបស់ខ្លួន ហើយអាចឱ្យពួកគេតម្លើងការធានាកាន់តែប្រសើរជាងមុន និងស្វែងរកគ្លីនិក ឫមន្ទីរពេទ្យដៃគូរ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោកស្រី ប៊ុន ច័ន្ទមករា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) បានមានប្រសាសន៍ថា៖ “វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធីរង្វាន់ធានារ៉ាប់រងអាស៊ី ដែលនេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការច្នៃប្រឌិតថ្មី។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏អស្ចារ្យពីសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារវ័យក្មេងរបស់យើងខ្ញុំ។ សមិទ្ធិផលដ៏ធំធេងនេះ ក៏ជាសក្ខីភាពផងដែរថា ដោយសារការធ្វើការជាក្រុមដ៏អស្ចារ្យរបស់បុគ្គលិកយើងខ្ញុំ និងការគាំទ្រពីភាគីពាក់ព័ន្ធរបស់យើងខ្ញុំ ទើបយើងខ្ញុំអាចសម្រេចនូវអ្វីដែលយើងខ្ញុំបានកំណត់។ យើងខ្ញុំប្តេជ្ញានាំយកបច្ចេកវិទ្យាថ្មី និងគម្រូអាជីវកម្មថ្មីៗមកកាន់ទីផ្សារប្រទេសកម្ពុជា ហើយបន្តចូលរួមចំណែកដល់ការរីកចម្រើនក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។ យើងនឹងពង្រីកសក្តានុពលរបស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech នៅក្នុងទីផ្សារកម្ពុជា ដែលផលិតផល និងសេវាកម្មអាចស្វែងរកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចេញពីផ្ទះខ្លួន។ យើងក៏ទន្ទឹងថានឹងមានព្រឹត្តិការណ៍ សមិទ្ធិផល និងពានរង្វាន់ជាច្រើនទៀតសម្រាប់ក្រុមការងាររបស់យើងខ្ញុំនៅក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB”។
ការពង្រឹងសមត្ថភាពក៏ជាផ្នែកសំខាន់មួយទៀតនៃការជំរុញរបស់ស៊ីប៊ី អ៊ីនសួរេន សម្រាប់ការច្នៃប្រឌិតដែរ។ នៅខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD)។
ភាពជាដៃគូនេះនឹងផ្តល់ឱកាសឱ្យនិស្សិតមកចុះកម្មសិក្សានៅស៊ីប៊ី អ៊ីនសួរេន តាមរយៈCLPD ដើម្បីទទួលបានបទពិសោធន៍ពីវិស័យធានារ៉ាប់រងជាង៣០ឆ្នាំរបស់ក្រុមហ៊ុន ដោយនាំពួកគេឱ្យជួបជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ និងប្រកបដោយយុទ្ធសាស្ត្រច្នៃប្រឌិត៕