រោងចក្រទាំង៨ ទីតាំង ដែលត្រូវបាន CDC សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាផ្លូវការនោះ ជាប្រភេទរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ ផលិតក្ដាបន្ទះ គ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតកាបូប និងគ្រឿងកាបូបជាដើម។
ក្នុងចំណោមរោងចក្រទាំង៨ នោះ នៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ មាន២កន្លែងដូចគ្នា និងនៅខេត្តក្រចេះ និងស្វាយរៀងមានម្នាក់មួយកន្លែង។
រោងចក្រទាំង៨នេះ ត្រូវបានដឹងថា អាចផ្ដល់ឱកាសការងាររហូតដល់ជាង ៧.៣០០កន្លែង។
គួរបញ្ជាក់ថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងជិត ៧០% នៃទុនវិនិយោគសរុប ដែលត្រូវបានកត់ត្រាដោយ CDC។
បន្ថែមពីនេះទៀត
តាមការកត់ត្រារបស់ CDC ចាប់ពីឆ្នាំ២០១៣-២០១៧ កម្ពុជាបានទទួលគម្រោង
វិនិយោគពីបណ្ដាក្រុមហ៊ុន ក្នុងស្រុក
និងបរទេស សរុបប្រមាណជា ៩៧០គម្រោង ដែលមានទុនវិនិយោគសរុបចំនួនជាង ២៣ ពាន់លានដុល្លារអាមេរិក
ពោលគឺ ជាមធ្យមមានប្រមាណជាង ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយមានសក្ដានុពលបង្កើតការងារថ្មីជូនប្រជាពលរដ្ឋជាមធ្យមប្រមាណ
ជាង ២០០ពាន់នាក់ក្នុងមួយឆ្នាំ។
ក្នុងរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៣-២០១៧ ទុនវិនិយោគផ្ទាល់ពីបរទេស ជាមធ្យមប្រចាំឆ្នាំមានប្រមាណជា ៤០% នៃទុនវិនិយោគសរុបក្នុងឆ្នាំនីមួយៗ។
ទោះយ៉ាងណា តាមរបាយការណ៍ពីធនាគារជាតិ បានបង្ហាញថា នៅឆ្នាំ ២០១៨ ឱនភាពពាណិជ្ជកម្ម ឬការនាំចូលរបស់កម្ពុជា មានលើសការនាំចេញ រហូតដល់ជាង ៥.២០០លានដុល្លារអាមេរិក។ ពោលគឺ កាលពី ឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង ១៣.៥០០ លានដុល្លារអាមេរិក ដែលមានកំណើន ២១% ធៀបនឹងឆ្នាំ ២០១៧ ខណៈការនាំចូលវិញ គឺមានប្រមាណជាង ១៨.៧០០ លានដុល្លារអាមេរិក ដែលមានកំណើនជាង ២១%៕