លោក តាកាណូរិ ណារឺមិ អគ្គនាយករបស់ក្រុមហ៊ុន Creative Diamond Links Human Resources (CDL HR) បានឲ្យដឹងថា នេះមិនមែនរឿងងាយៗ ដែលក្រុមហ៊ុនណាក៏អាចទទួលបានពានរង្វាន់ដ៏មានតម្លៃមួយនេះនោះទេ។ លោកបានបញ្ជាក់ថា នៅក្នុងរយៈពេលជាង ៨ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានជួយអ្នកស្វែងរកការងារជាង ២ ម៉ឺននាក់ក្នុងការស្វែងរកការងារត្រឹមត្រូវ ផ្តល់ការប្រឹក្សាដល់សហគ្រាសជាង ៨០០ ក្នុងការស្វែងរកធនធានមនុស្ស ប្រកបដោយសមត្ថភាព ដើម្បីបំពេញការដោយមានការទទួលខុសត្រូវខ្ពស់។
ចំពោះមូលហេតុ ដែលបានធ្វើឲ្យក្រុមហ៊ុន CDL HR ទទួលបានពានរង្វាន់នេះ ត្រូវបានលោក តាកាណូរិ ណារឺមិ ឲ្យដឹងថា មុននឹងស្ថាប័ន Global Banking and Finance Award 2020 ជ្រើសរើសផ្តល់ពានរង្វាន់ឲ្យទៅក្រុមហ៊ុនណាមួយ គឺត្រូវឆ្លងកាត់ការតាមដាន ត្រួតពិនិត្យយ៉ាងល្អិតល្អន់ណាស់ ជាពិសេសលក្ខខណ្ឌការងារ និងគោលនយោបាយសំខាន់របស់ក្រុមហ៊ុននីមួយៗ ថាតើអនុវត្តបានត្រឹមត្រូវតាមច្បាប់របស់ប្រទេសនោះឬអត់ ព្រោះថា ស្ថាប័ននេះ ជាស្ថាប័នអន្តរជាតិ ដែលបានផ្តល់ពានរង្វាន់ជាច្រើនប្រភេទ ដល់ក្រុមហ៊ុននានានៅជុំវិញពិភពលោក។
បើតាមអ្នកគ្រប់គ្រងក្រុមហ៊ុន CDL HR នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នេះ អ្នកស្វែងរកការងារមានការកើនឡើងច្រើន ខណៈដែលក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិកមានការធ្លាក់ចុះបន្តិបន្តួច ដោយមិនសូវមានក្រុមហ៊ុនថ្មីៗមកទំនាក់ទំនង ដោយជាទូទៅក្រុមហ៊ុនមួយចំនួនដែលបន្តសុទ្ធតែជាដៃគូរយូរឆ្នាំមកហើយតែប៉ុណ្ណោះ។
សូមជម្រាបថា ក្រៅពីក្រុមហ៊ុន Creative Diamond Links Human Resources (CDL HR)ហើយដែលបានទទួលពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាយោបល់ល្អបំផុតនៅកម្ពុជា ពីស្ថាប័ន Global Banking and Finance Award 2020 នៅមានធគារធំៗ និងស្ថាប័នមីក្រូហិរញ្ញវត្ថុល្បីរបស់កម្ពុជាមួយចំនួនទៀត ដែលបានទទួលបានប្រភេទពានរង្វាន់ផ្សេងៗគ្នាពីស្ថាប័ននេះ៕