អ្នកស្រី ជា សុខលាង គឺជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ៣ រួមមាន៖ ក្រុមហ៊ុន Helix Micro-Rebar និងក្រុមហ៊ុន Adopen ដែលផ្គត់ផ្គង់សម្ភារៈសំណង់ ក្រុមហ៊ុន Eco Green Codex Waste Solution ដែលផ្គត់ផ្គង់ម៉ាស៊ីនដុតសំរាម រួមទាំងជានាយិកាសណ្ឋាគារ Le Grand Palais Boutique នៅរាជធានីភ្នំពេញផងដែរ។
សូមទស្សនាវីដេអូសម្ភាសន៍ រវាងលោក រ៉ឹម ភារី អ្នកសារព័ត៌មាន ខេមបូណូមីស និងអ្នកស្រី ជា សុខលាង ខាងក្រោមនេះ៖
តាមពិតទៅ ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញទីផ្សារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង អ្នកស្រី ជា សុខលាង បានចំណាយពេល ៣ឆ្នាំ ធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ CPL របស់លោកឧកញ៉ា ចេង ខេង ហើយនៅឆ្នាំ២០០៧ អ្នកស្រីក៏បានបង្កើតក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយ ដែលមានឈ្មោះថា LYS Sovanphum Group និងបន្តបន្ទាប់មក អ្នកស្រីក៏បានពង្រីកមុខជំនួញជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។
ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ក្នុងគ្រួសារជីវភាពមធ្យមនៅភ្នំពេញ សហគ្រិនស្ត្រីវ័យក្មេងរូបនេះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំក្រុមហ៊ុន ដោយធ្វើការជាច្រើនវិស័យក្នុងពេលតែមួយ៕