ជាមួយគ្នានេះ ថ្នាក់ដឹកក្រសួងដែនដី ក៏បានបញ្ហាឲ្យអភិបាលខេត្តនៅជាប់មាត់សមុទ្រទាំងអស់គ្រប់គ្រង និងអភិរក្សព្រែកនៅជាប់សមុទ្រជាង ១០០ព្រែកឲ្យបានល្អ កុំឲ្យមានការកែប្រែធ្វើអ្វីផ្សេងផងដែរ។ ព្រោះព្រែកទាំងអស់នោះបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រនោះ។ ក្រុមការងារខេមបូណូមីស លម្អិតលើរឿងនេះដូចតទៅ !
នាពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងដែលមានតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត នាពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចាត់ទុកអំបិលកំពតជាផលិតផលចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។ ទោះបីអំបិលកំពតមានសម្បុររាងស្រអាប់ជាងអំបិលនាំចូលពីប្រទេសជិតខាងក្តី ប៉ុន្ដែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា អំបិលកំពតមានគុណភាពល្អជាអំបិលនាំចូល និងអាចព្យាបាលជំងឺពកកបានថែមទៀតផង។
ដោយមើលឃើញពីគុណសម្បត្តិ និងអត្ថប្រយោជន៍នៃអំបិលកំពត រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលគ្រប់រូបភាពក្រៅពីការផលិតអំបិលនោះឡើយ។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរៀបចំផែនការ និងគ្រប់គ្រងដីស្រែអំបិលនៅខេត្តនេះដែលមានជាង៣ពាន់៧រយហិកតាឲ្យបានគង់វង្ស ដោយមិនអនុញ្ញាតឲ្យមានការអភិវឌ្ឍន៍គម្រោងផ្សេងៗលើដីទាំងនេះនោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាឲ្យអភិបាលខេត្តជាប់មាត់សមុទ្រដូចជាខេត្តកោះកុង ព្រះសីហនុ កែប និង កំពតគ្រប់គ្រង និងអភិរក្សព្រែកជាប់ឆ្នេរសមុទ្រឲ្យបានគង់វង្ស និងចៀសវាងឲ្យមានការកែប្រែ ឬលុបយកទៅធ្វើគម្រោងលំនៅឋាន និងសំណង់ផ្សេងៗ ដែលបម្រើផលប្រយោជន៍ឯកជន។ ព្រោះព្រែកនៅជាប់សមុទ្រវាបានផ្តល់គុណប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋទូទៅដូចជាការនេសាទ ព្រៃកោងកាង និងដីល្បាប់ជាដើម។ បច្ចុប្បន្នកម្ពុជាមានព្រែកជាប់សមុទ្រសរុបចំនួន ១១១ព្រែក ដែលជាតួលេខត្រូវបានកត់ដោយក្រសួងរៀបចំដែនដី។
ទន្ទឹមនឹងការកោតសរសើរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុចំពោះការរៀបចំឆ្នេរសមុទ្របានល្អ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើឲ្យអភិបាលខេត្តជាប់មាត់សមុទ្រផ្សេងទៀត យកខេត្តព្រះសីហនុធ្វើជាគំរូក្នុងការរៀបចំតំបន់ទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ព្រោះវាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរដ្ឋជាដើម។ ការរៀបចំតំបន់ទេសចរណ៍ឆ្នេរនេះទៀតសោត ក៏ជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសផងដែរ៕