
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យនេះ សម្រាប់មន្ត្រីរាជការ និងកម្មករកម្មារិនី ដែលអាចទិញដោយបង់រំលោះក្នុងតម្លៃសមរម្យ។
ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គលនេះ អាចចាត់ទុកបានថា គឺជាគម្រោងគំរូមួយសម្រាប់អ្នកអភិវឌ្ឍន៍ដទៃទៀត គួរតែយកលំនាំតាម ទាំងនៅលើផ្នែកគុណភាពសំណង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សន្ដិសុខ និងនីតិវិធីងាយស្រួលក្នុងការបង់ប្រាក់ជាដើម។

លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Homes បានលើកឡើងដែរថា មកទល់ពេលនេះ គម្រោងលំនៅដ្ឋានទីក្រុងរណប សិរីមង្គលនេះ សម្រេចបានការសាងសង់ផ្ទះ ដែលត្រៀមនឹងប្រគល់ជូនអតិថិជនក្នុងជំហានដំបូង ចំនួន ៦០៣ ផ្ទះ។ បើតាមផែនការនឹងផ្ដល់ជូនផ្ទះទាំងនោះ ដល់អតិថិជននៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ។ លោកបន្តថា ក្រៅពីនេះ នៅសល់ផ្ទះ ១០៨៨ ផ្ទះផ្សេងទៀត កំពុងសាងសង់បានប្រមាណ ៣០%ហើយ ដែលអាចនឹងបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ជូនអតិថិជននៅចុងឆ្នាំ២០២០នេះ ឬដើមឆ្នាំ២០២១ខាងមុខនេះ។

បើតាមការអះអាងរបស់ លោក យក់ សុធីរិទ្ធ បើទោះបីជាតម្លៃអចលនទ្រព្យមានការឡើងថ្លៃជាលំដាប់ ក៏ពិតមែន ប៉ុន្ដែសម្រាប់លំនៅដ្ឋានតម្លៃសរម្យទីក្រុងរណបសិរីមង្គល គឺមិនបានដំឡើងថ្លៃនោះទេ ពោលគឺតម្លៃនៅតែរក្សាចន្លោះពី ២៥.០០០ ដុល្លារ ទៅក្រោម ៣០.០០០ ដុល្លារដដែល ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍ក៏បាននិងកំពុងស្វែងរកនូវតម្លៃបន្ថែមកាន់តែប្រសើរេថែមទៀតសម្រាប់អតិថិជន ដូចជាការទិញកាត់ឈ្មោះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបីយកម្ម និងសំណង់សម្រេចអនុគ្រោះលើពន្ធប្រថាប់ត្រា៤% ដោយកាត់វាមកជាបន្ទុករបស់រដ្ឋវិញ។
សូមបញ្ជាក់ដែរថា បើតាមក្រសួងរៀបចំដែនដី បានឲ្យដឹងថា បច្ចុប្បន្ន មានគម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៥ គម្រោង បាននិងកំពុងអនុវត្តសាងសង់នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ២គម្រោង, ខេត្តកណ្ដាល មាន ២គម្រោង និងខេត្តបន្ទាយមានជ័យមានចំនួន ១គម្រោង ដោយគម្រោងទាំង៥នេះ មានការសាងសង់លំនៅដ្ឋានសរុប ប្រមាណជាង ៨.០០០ ខ្នង និង លំនៅដ្ឋានជាងខុនដូ មានជាង ៧.២០០ យូនីត ហើយគម្រោងទាំងនេះ មានលក់លំនៅដ្ឋានតម្លៃក្រោម ៣ម៉ឺនដុល្លារអាមេរិក។



ក្នុងចំណោមនោះ គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Homes ត្រូវបានគេមើលឃើញថា គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យធំជាងគេមួយ ដែលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ ៨គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងតាខ្មៅ។ គម្រោងនេះ សាងសង់លើផ្ទៃដីសរុប ២៣ ហិកតា មានចំនួនផ្ទះសរុបជាង ២.៤០០ផ្ទះ ជាមួយទុនវិនិយោគសាងសង់ ប្រមាណ ៧៣លានដុល្លារអាមេរិក។ គិតមកទល់ពេលនេះ គម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គលនេះ បានលក់ផ្ទះអស់ចំនួន ជាង១ពាន់ផ្ទះ ស្មើនឹង ៤៤% នៃចំនួនផ្ទះសរុប ក្នុងនោះ អតិថិជន ដែលជាមន្ត្រីរាជការមានចំនួន ២៣%៕