នេះបើយោងតាម សារព័ត៌មានក្នុងស្រុកចិន ចេញផ្សាយនៅថ្ងៃនេះ។រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិន បានបង្ហាញពីរបាយការណ៍ខាតបង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងខែកុម្ភៈនេះ បន្ទាប់ពី ជើងហោះហើរជាង ១0ពាន់ជើង ក្នុងមួយថ្ងៃ ត្រូវបានលុបចោល បន្ទាប់ពីការផ្ទុះឡើងនូវ វីរុសកូវីដ១៩។
បើតាមទិន្នន័យពី និយ័តករណ៍អាកាសចរណ៍ចិន បានបង្ហាញថា ចំនួនអ្នកធ្វើដំណើរ បានធ្លាក់ចុះ ៨៤% មកនៅត្រឹម ៨,៣លាននាក់ ខណៈការដឹកជញ្ជូនទំនិញ ធ្លាក់ចុះ ២១% ឬប្រមាណ ៣០០ ពាន់តោន។
ក្នុងខែកុម្ភៈ ត្រូវបានគេរំពឹងថា ជាពេលវេលាដ៏មមាញឹកបំផុត សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសចិន នាឱកាសបុណ្យចូលឆ្នាំចិន ប៉ុន្តែដោយសារតែការរឹតបន្តឹងលើ ការចេញចូលរបស់ប្រជាជនចិន ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩នោះ បានបំផ្លាញផែនការនេះទាំងស្រុង ដោយការលុបជើងហោះហើរ ១០ពាន់ជើង ក្នុងមួយថ្ងៃ បានដាក់សម្ពាធហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះចិន។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បង្ហាញក្តីរំពឹងថា ស្ថានភាពសេដ្ឋកិច្ច និងសង្គម ត្រលប់មករកសភាពដើមជាប្រក្រតីវិញហើយ ហើយជើងហោះហើរ នឹងបើកដំណើរការឡើងវិញជាបន្តបន្ទាប់ តែយ៉ាងណាប្រជាជនចិន នៅតែស្ទាក់ស្ទើរ ដោយសារតែ ការគ្រប់គ្រងលើមេរោគកូវីដ ១៩ មិនទាន់បានសម្រេច ១០០%។
ដោយសារតែប្រទេសចិន ជាកន្លែងចាប់ផ្តើមផ្ទុះឡើងនូវមេរោគកូវីដនេះ បណ្តាប្រទេស និងតំបន់ជាង ៧០ បានរឹតបន្តឹងលើជើងហោះហើរជាមួយនឹងចិន យ៉ាងណាក៏ដោយ សប្តាហ៍ដំបូង ដើមខែមីនានេះ ចិន ជើងហោះហើរក្នុងស្រុកជាង ៤០% បានបើកដំណើរការឡើងវិញហើយ។
បើតាមការព្យាករណ៍កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ទូទាំងសកលលោក នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពី ការផ្ទុះឡើងនៃមេរោគនេះ ដោយអាចនឹងខាតបង់រហូតដល់ ១១៣ពាន់លានដុល្លារអាមេរិក៕