វិស័យ​ការពារជាតិ

ហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុប បោះទុនវិនិយោលើការផលិតយន្តហោះដ្រូនកាន់តែច្រើន?


ក្រោយពីបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្ដារវិស័យយោធារបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ពេលនេះ ការវិនិយោគរបស់បណ្ដាប្រទេសនៅតំបន់អឺរ៉ុប កំពុងតែផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើបច្ចេកវិទ្យាយន្តហោះដ្រូនទំនើប ដែលត្រូវបានគេមើលឃើញថា ជាចំណុចស្នូលយុទ្ធសាស្ត្រក្នុងការការពារសន្តិសុខរបស់ទ្វីបមួយនេះ នាពេលអនាគត។ ហេតុអ្វីបានជាសុខៗ ស្រាប់តែអឺរ៉ុបងាកមកបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើយន្តហោះដ្រូនធ្វើសង្គ្រាម?
វិស័យ​ការពារជាតិ
ដោយ

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC ការប្រកាសជាបន្តបន្ទាប់របសបណ្តាប្រទេសនៅតំបន់អឺរ៉ុប លើការវិនិយោគលើការផលិតដ្រូននៅក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ បានស្តែងឱ្យឃើញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏លឿនរហ័សមួយ ដោយក្នុងនោះអង្គការណាតូ បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីស្ដីពីបច្ចេកវិទ្យាយន្តហោះដ្រូន។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេស បានប្រកាសបម្រុងទុកកញ្ចប់ថវិការហូតដល់៥ពាន់លានផោន ឬប្រមាណ៦,៧ពាន់លានដុល្លារ សម្រាប់កម្មវិធីបំប្លែងប្រព័ន្ធយន្តហោះដ្រូន និងប្រព័ន្ធការពារ ដើម្បីពង្រឹងកងទ័ពរបស់ខ្លួន។ ដោយឡែក ប្រទេសអាល្លឺម៉ង់ ក៏បានសម្រេចបញ្ជាទិញយន្តហោះដ្រូនចំនួន៥០,០០០គ្រឿងក្នុងតម្លៃសរុប៩០លានអឺរ៉ូ ឬប្រមាណ១០៣លានដុល្លារសម្រាប់ជួយដល់អ៊ុយក្រែនពីក្រុមហ៊ុនសូហ្វវែរការពារជាតិ Auterion និងក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់អ៊ុយក្រែន Skyfall។
បន្ថែមលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិជំនាន់ថ្មីរបស់អាល្លឺម៉ង់ Helsing ទើបតែបានប្រកាសពីការផ្ដល់មូលនិធិដ៏ធំធេង ដើម្បីផលិតយន្តហោះដ្រូន អាវុធស៊ើបការណ៍ក្រោមទឹក ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងសូហ្វវែរស្វ័យប្រវត្តិនានាសម្រាប់បម្រើក្នុងវិស័យការពារជាតិ។
ការវិវត្តដ៏លឿនរហ័សទាំងនេះ បានឆ្លុះបញ្ចាំងពីរបត់ផ្លាស់ប្តូរដ៏ធំធេងក្នុងការរៀបចំផែនការយោធា ដោយប្រព័ន្ធយន្តហោះដ្រូន និងបច្ចេកវិទ្យាស្វ័យប្រវត្តិនានាបានវិវត្តខ្លួនពីគ្រាន់តែជាឧបករណ៍គាំទ្រនៅលើសមរភូមិធម្មតាទៅជាបេះដូង និងជាអាវុធស្នូល នៃការធ្វើសង្គ្រាមសម័យទំនើប។ និន្នាការនេះមិនត្រឹមតែបង្កើតឱកាសមាសសម្រាប់ក្រុមហ៊ុនផលិតគ្រឿងយន្តហោះដ្រូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញដល់ក្រុមហ៊ុន ដែលកំពុងអភិវឌ្ឍប្រព័ន្ធ AI កម្មវិធីសូហ្វវែរ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាពខ្ពស់ថែមទៀតផង។
មេរៀនជាក់ស្តែងជាច្រើនពីសមរភូមិអ៊ុយក្រែន រួមផ្សំនឹងការប្រើប្រាស់ដ្រូនធ្វើអត្តឃាតតម្លៃថោក Shahed របស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃដ្រូន ដែលមានតម្លៃថោក និងដំណើរការដោយប្រព័ន្ធ AI។ បច្ចេកវិទ្យានេះមិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងការប្រមូលព័ត៌មានសម្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកែប្រែអាវុធធម្មតាឱ្យទៅជាអាវុធវាយប្រហារដ៏សាហាវ និងបំពេញបេសកកម្មដោយស្វ័យប្រវត្តិកាន់តែខ្លាំងឡើង។
កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូធ (Mark Rutte) បានប្រកាសថា សម្ពន្ធមិត្តយោធាមួយនេះនឹងវិនិយោគទឹកប្រាក់ជាង៤០ពាន់លានដុល្លារលើការអភិវឌ្ឍសមត្ថភាពប្រឆាំងយន្តហោះដ្រូនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ លោកបានសង្កត់ធ្ងន់ថា យន្តហោះដ្រូនបានផ្លាស់ប្តូរទម្រង់ នៃការធ្វើសង្គ្រាមសម័យទំនើបទាំងស្រុង និងបានក្លាយទៅជាកត្តាកំណត់ជោគវាសនា និងលទ្ធផលនៅលើសមរភូមិជាក់ស្តែង ដោយលោកបានលើកយកករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាសក្ខីភាពស្រាប់។
សកម្មភាពទាំងនេះ គឺជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ក្រឡែតថា ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប កំពុងសម្លឹងឃើញថា សង្រ្គាមនាពេលអនាគតនឹងត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើបច្ចេកវិទ្យាសូហ្វវែរ និងប្រព័ន្ធស្វ័យប្រវត្តិ នៃខួរក្បាល AI ដែលវាកំពុងក្លាយជាអាវុធដ៏មានឥទ្ធិពលមិនចាញ់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់បែបប្រពៃណី ដូចជារហោះចម្បាំង រថក្រោះ ឬកាំភ្លើងធំឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ការផុងខ្លួនក្នុងសង្រ្គាមនៅអ៊ីរ៉ង់ និងការចង់លេបទឹកដីកោះហ្គ្រីនឡែន រុញច្រានឱ្យពិភពលោកងាកចេញពីអាម៉េរិក ទៅរកចិន

ទស្សនៈវិស័យ និងតុល្យភាពអំណាចសកល ដែលធ្លាប់តែលម្អៀងទៅរកសហរដ្ឋអាម៉េរិកអស់រយៈពេលជាង២ទសវត្សរ៍មកនេះ បានរងការរង្គោះរង្គើយ៉ាងខ្លាំង។ ភាពក្អេងក្…

ធនាគារ សាខមប៊ែង ខេមបូឌាប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាម

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ សាខមប៊ែង ខេមបូឌាបានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី សាខាខេត្តកំពង់ចាមប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ