លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) អគ្គនាយកទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមានថា ទីផ្សារពិភពលោកកំពុងពោរពេញដោយភាពភ័យខ្លាច និងភាពមិនប្រាកដប្រជា ខណៈដែលការវាយប្រហារនៅជុំវិញច្រកសមុទ្រហ័រម៉ូស កំពុងធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេង ឧស្ម័នធម្មជាតិ ជីកសិកម្ម និងទំនិញសំខាន់ៗជាច្រើនទៀត។ នៅមួយសប្ដាហ៍ចុងក្រោយនេះ ចរាចរណ៍នាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីមានការវាយប្រហារលើនាវា និងការរឹតបន្តឹងការដឹកជញ្ជូនរបស់អ៊ីរ៉ង់។ ទន្ទឹមនេះ អង្គការនាវាចរណ៍អន្តរជាតិ ក៏បានព្រមានដែរថា ផ្លូវទឹកដ៏សំខាន់នេះនៅតែមានហានិភ័យខ្ពស់សម្រាប់នាវាពាណិជ្ជកម្ម។
លោក ហ្វាទី ប៊ីរ៉ូល បានសង្កត់ធ្ងន់ថា ច្រកសមុទ្រ ហ័រម៉ូស ត្រូវតែបើកឡើងវិញឱ្យបានពេញលេញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺមិនមែនរង់ចាំរាប់ខែនោះឡើយ បើមិនដូច្នេះទេ ផលប៉ះពាល់លើសេដ្ឋកិច្ចសកលនឹងកាន់តែធ្ងន់ធ្ងរ។ លោកបានបន្ថែមថា បណ្ដាប្រទេសអាស៊ី ដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម បានចាប់ផ្តើមរងផលប៉ះពាល់ពីការរាំងស្ទះការផ្គត់ផ្គង់ថាមពលរួចទៅហើយ រីឯបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម អាចប្រឈមហានិភ័យធ្ងន់ធ្ងរជាងគេ ប្រសិនបើវិបត្តិនៅច្រកសមុទ្រ ហ័រម៉ូស បន្តអូសបន្លាយ៕
ដោយ: តែម សុខុម