បញ្ជីរាយនាមផ្លូវការដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន បានបង្ហាញថា លេខាធិការហិរញ្ញវត្ថុលោក Paul Chan គឺនៅរក្សាតំណែងដដែល ខណៈដែល Paul Lam ត្រូវជំនួសលោកស្រី Teresa Cheng ជាលេខាធិការយុត្តិធម៌ ហើយលោក Eric Chan ក្លាយជាលេខាធិការរង។
ប្រព័ន្ធផ្សព្វផ្សាយរបស់ហុងកុងមួយចំនួនវិញបាននិយាយថា លោកប្រធានាធិបតី Xi Jinping ត្រូវបានគេរំពឹងថា នឹងមកចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក John Lee ក្នុងទីក្រុងហុងកុងដែរ ប៉ុន្តែព័ត៌មាននេះមិនត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាក់ច្បាស់លាស់ ថាតើមេដឹកនាំកំពូលចិនដីគោករូបនេះ នឹងមកចូលរួម ឬចាត់តាំងអ្នកតំណាងនោះទេ។
ទីក្រុងហុងកុងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់ជាង១ពាន់ករណីវិញហើយនាពេលថ្មីៗនេះ បើទោះបីជាមិនទាន់មានសញ្ញានៃការទប់ស្កាត់តឹងតែងណាមួយត្រូវបានដាក់ចេញ មុនការស្បថចូលកាន់តំណែងនៅខែក្រោយក៏ដោយ ។
គួរជម្រាបថា វិធានការការពារកូវីដ១៩នៅហុងកុង នៅតែត្រូវបានគេចាត់ថ្នាក់ក្នុងចំណោមការការពារដ៏តឹងតែងបំផុត ដោយក្នុងនោះ រួមមានការដាក់ឱ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារមួយសប្តាហ៍សម្រាប់ភ្ញៀវបរទេស និងការធ្វើតេស្តប្រចាំថ្ងៃជាកាតព្វកិច្ចសម្រាប់មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលសង្ស័យថាពាក់ព័ន្ធ។
សូមបញ្ជាក់ថា កាលពីដើមខែឧសភា លោក ចន លី ត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងផ្តល់សេចក្តីទុកចិត្ត ឲ្យធ្វើជាមេដឹកនាំហុងកុងបន្ទាប់ពីលោកស្រី ខារី ឡាម។ ក្នុងនាមជាអតីតមេប៉ូលីសបង្ក្រាបបាតុកម្មរបស់ទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ ទីក្រុងប៉េកាំងបានជ្រើសរើសរូបលោក ព្រោះតែលោកធ្លាប់មានស្នាដៃល្អ ក្នុងការបង្ក្រាបចលនាបាតុកម្មប្រជាធិបតេយ្យហុងកុងកន្លងមក។
លោក លី នឹងត្រូវចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិ៥ឆ្នាំនៅថ្ងៃទី០១ខែកក្កដា ដែលជាថ្ងៃខួប២៥ឆ្នាំ នៃការប្រគល់ទីក្រុងហុងកុងពីអណានិគមអង់គ្លេស មកឱ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧៕