ការលើកឡើងរបស់លោក វ៉ាង យីនេះធ្វើឡើង ចំពេលមានភាពតានតឹងកើនឡើងសារជាថ្មីរវាងប្រទេសទាំងពីរ ជុំវិញទីតាំងខ្មោចនាវាចម្បាំង ដែលចិនទាមទារឱ្យហ្វីលីពីនស្រង់វាចេញពីទីនោះ ព្រោះវាបម្រើឱ្យប៉ុស្តិ៍យោធារបស់កងទ័ពចិននៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែមកដល់នឹងពេលនេះ ហ្វីលីពីនមិនទាន់យល់ព្រមតាមសំណើររបស់ទីក្រុងប៉េកាំងនៅឡើយទេ។
មែនទែនទៅ ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីការបរទេសវ៉ាង យី ធ្វើឡើងនៅដំណើរទស្សនកិច្ចមួយរបស់លោកមកកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុននេះ។ យ៉ាងណាមិញ ជារឿយៗ ចិនតែងបានបង្ហាញពីឆន្ទៈរបស់ខ្លួនម្តងហើយម្តងទៀត ក្នុងការដោះស្រាយបញ្ហាភាពមិនចុះសម្រុងនឹងគ្នាជាមួយហ្វីលីពីន តាមរយៈការសន្ទនាទ្វេភាគីដោយសង្ឃឹមថា ភាគីហ្វីលីពីននឹងគោរពតាមការឯកភាព ដែលសម្រេចបាននាពេលកន្លងមកជាមួយចិន។
បើតាមការឱ្យដឹងរបស់រ៉យទ័រ ហ្វីលីពីនមានចេតនារក្សាទុកខ្មោចនាវាចម្បាំងសម័យសង្រ្គាមលោកលើកទីពីរ Sierra Madre ក្នុងឆ្នាំ ១៩៩៩ នោះ ដើម្បីជាផ្នែកមួយសម្គាល់អធិបតេយ្យភាពដែនទឹកដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ កាលពីឆ្នាំ២០១៦ទៀតសោធ ហ្វីលីពីនបានឈ្នះក្តីតាមរយៈអាជ្ញាកណ្តាលអន្តរជាតិ ប្រឆាំងនឹងការទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងពីសំណាក់ប្រទេសចិន។ តុលាការអន្តរជាតិមួយនេះបានសម្រេចថា ការទាមទាររបស់ចិន មិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនដែលមិនទទួលស្គាល់សេចក្តីសម្រេចនេះទេ ហើយបាននិងកំពុងសាងសង់កោះសិប្បនិម្មិតជាច្រើនក្នុងសមុទ្រចិនខាងត្បូង ដើម្បីបម្រើជាមូលដ្ឋានយោធានៅទីនោះ។ ហើយដែនទឹកដែលទីក្រុងប៉េកាំងក្រសោបយកថារបស់ខ្លួន គឺសុទ្ធតែរំលោភចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ីផងដែរ៕