ប្រទេសចិនបានកត់ត្រាពីការកម្រើកឡើងវិញនូវករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយគួរឲ្យព្រួយបារម្ភ ចាប់តាំងពីថ្ងៃទី២០ខែកក្កដាមកម្ល៉េះ។ ពោលគឺអាជ្ញាធរបានរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់ក្នុង ក្រុងណានជីង ដែលក្នុងនោះក៏មានដែរ កូវីដ១៩បំប្លែងខ្លួនឌែលតា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ចាប់តាំងពីផ្ទុះឡើងនូវករណីដំបូងកាលពីថ្ងៃទី២០ខែកក្កដាមកដល់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុងណានជីង រកឃើញវិជ្ជមានកូវីដ១៩ចំនួន ២២០ករណីហើយ ខណៈករណីផ្សេងៗទៀតត្រូវបានឆ្លងរាលដាលទៅខេត្ត និងក្រុងដែលនៅក្បែរៗនោះ ភាគច្រើនជាខេត្តភាគខាងត្បូងនៃប្រទេសចិន។ នេះបើតាមសារព័ត៌មានចិន ស៊ិនហួរ។
ដោយឡែក សារព័ត៌មានអាមេរិក Bloomberg បានចុះផ្សាយថា ចិនរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៩៩ករណីបន្ថែមទៀត កាលពីថ្ងៃច័ន្ទ ដែលធ្វើឲ្យតួលេខឆ្លងបានកើនឡើងលើស ៣០០ករណី ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃដែលគេរកឃើញករណីវិជ្ជមានកូវីដ-១៩ ឌែលតា ដំបូងក្នុងក្រុងណានជីង។
ក្នុងចំណោមករណីទាំងនោះ អាជ្ញាធរចិនបានកត់ត្រាពីការឆ្លងរាលដាលមកដល់ក្រុងវូហាន ជាទីកន្លែងដែលចម្លងប្រភពដើមនៃកូវីដដំបូងគេបង្អស់ មុននឹងឆ្លងរីកសាយភាយនៅទូទាំងពិភពលោកមកទល់នឹងសព្វថ្ងៃនេះ។ បច្ចុប្បន្ន កូវីដ បានរាលដាលឆ្លងមកដល់ក្រុងវូហាននេះ ចំនួន៧ករណី ស្របពេលដែលមានមួយករណីទៀត ឆ្លងរាលដាលមកដល់ក្រុងប៉េកាំង។
សង្កាត់មួយក្នុងក្រុងប៉េកាំងត្រូវបានបិទខ្ទប់ ក្រោយពីរកឃើញករណីវិជ្ជមានកូវីដជាលើកដំបូងភ្លាម ហើយប្រជាជននៅក្រុងប៉េកាំងក៏ត្រូវតម្រូវពាក់ម៉ាស់នៅទីសាធារណៈវិញផងដែរ។
នៅក្នុងទីក្រុងស៊ូចូវ អាជ្ញាធរមូលដ្ឋានបានចេញបទបញ្ជាឲ្យប្រជាជនជាង ១លាន ២សែននាក់ ត្រូវស្ថិតនៅក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរឹង នៅរយៈពេលបីថ្ងៃខាងមុខ ដោយរដ្ឋអំណាចក្រុងស៊ូចូវ បាននិយាយថា ការឆ្លងរីករាលដាលកូវីដបង្កឡើងដោយមេរោគបំប្លែងខ្លួនឌែលតា នៅតែមានសភាពធ្ងន់ធ្ងរ និង ស្មុគស្មាញ។
សូមជម្រាបថា ក្រុងណានជីង ប្រទេសចិនបានក្លាយទៅជាតំបន់ក្រហមនៃការចម្លងកូវីដ១៩ឡើងវិញ ពិសេសករណីមេរោគបំប្លែងខ្លូនឌែលតាតែម្តង។ គិតមកត្រឹមដើមខែសីហានេះ កូវីដ១៩ បានឆ្លងចេញពីខេត្តជាំងស៊ូ ទៅកាន់ខេត្តជាង ១២ផ្សេងទៀតនៅក្នុងប្រទេសចិន។ នៅចំពោះមុខការឆ្លងរាលដាលកូវីដ១៩ ឌែលតា រដ្ឋាភិបាលចិនកំពុងព្រួយបារម្ភពីសុខភាពសាធារណៈក្នុងប្រទេស ជាពិសេសផលប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈដែលរដូវកាលឈប់សម្រាក រដូវក្តៅកំពុងឈានចូលមកដល់៕