ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៦ខែនៃវិបត្តិនេះ រដ្ឋាភិបាលចិន បានដាក់អាទិភាពទៅលើ ស្ថិរភាពការងារ ដោយផ្តោតទៅលើ ក្រុមសំខាន់ៗ រួមមាន និស្សិតទើបបញ្ចប់ការសិក្សា និងពលករចំណាកស្រុក ដែលត្រលប់មកវិញ ដោយរដ្ឋាភិបាលចិន បានដាក់ចេញនូវ គោលនយោបាយជាច្រើន ដើម្បីកាត់បន្ថយបន្ទុកទៅលើ សហគ្រាសអាជីវកម្ម។
នៅក្នុងឆមាសទី ១នេះ ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានជួយដល់ កម្មករនិយោជិតជាង ៥៥ម៉ឺននាក់ មកពីក្រុមហ៊ុនក្នុងស្រុកចំនួន ១ម៉ឺនក្រុមហ៊ុន និងបានជួយដល់ កម្មករនៅតាមទីជនបទជាង ៦លាននាក់ ឲ្យត្រលប់មកបន្តការងាររបស់ពួកគេ នៅទីក្រុងវិញ ដោយរក្សាសណ្តាប់ធ្នាប់ និងអនាម័យឲ្យបានត្រឹមត្រូវបំផុត។
លើសពីនេះ រដ្ឋាភិបាលចិន ក៏បានរៀបចំពិព័រណ៍ការងារ តាមប្រព័ន្ធអនឡាញ នៅតាមតំបន់សំខាន់ៗជាច្រើន ហើយគិតត្រឹមដំណាច់ខែមិថុនានេះ គឺមាននិយោជក ជាង ២លាននាក់ បានប្រកាសជ្រើសរើសការងារជាច្រើន សម្រាប់មនុស្សជាង ២៧លានកន្លែងនៅទូទាំងប្រទេស។
សូមជម្រាបថា ក្នុងឆ្នាំ ២០២០នេះ រដ្ឋាភិបាលចិន គ្រោងនឹងបន្ថែមការងារក្នុងទីក្រុងឲ្យបាន ៩លានកន្លែង ហើយនឹងព្យាយាមរក្សាអត្រាគ្មានការងារធ្វើឲ្យនៅត្រឹម ៦% ៕