កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានប្រកាសដំឡើងពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់លើទំនិញនាំចូលរបស់ចិនជាច្រើនប្រភេទរួមទាំងរថយន្តអគ្គិសនី អាគុយ និងគ្រឿងអេឡិចត្រូនិកផងដែរ ហើយបានរិះគន់ក្រុងប៉េកាំង ចំពោះការឧបត្ថម្ភធនដោយមិនត្រឹមត្រូវ ដែលធ្វើឱ្យទីផ្សារនានាទូទាំងពិភពលោកជន់ជោរទៅដោយទំនិញចិនថោកៗ។
សហភាពអឺរ៉ុប ក៏បានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនដែរ ហើយក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុនបានបន្ទរតាមការព្រួយបារម្ភដែលលើកឡើងថា ប្រទេសចិនបានអនុវត្តសកម្មភាពទីផ្សារប្រកបដោយភាពគ្រោះថ្នាក់។
ទោះជាយ៉ាងណា៦១%នៃក្រុមហ៊ុនជប៉ុន ដែលបានឆ្លើយនៅក្នុងការស្ទង់មតិធ្វើឡើងពីថ្ងៃទី៥-១៤ ខែមិថុនា បាននិយាយថា រដ្ឋភិបាលជប៉ុន គ្មានភាពចាំបាច់អ្វីដែលត្រូវចាប់ផ្តើមវិធានការដំឡើងពន្ធលើទំនិញនាំចូលរបស់ចិននោះឡើយ ហើយនៅសល់ប៉ុន្មាននិយាយថា ជប៉ុនគួរតែដំឡើង។ ទន្ទឹមនេះប្រមាណ៥៣% និយាយថា សមត្ថភាពផលិតហួសប្រមាណរបស់ប្រទេសចិន ជះផលប៉ះពាល់មកលើអាជីវកម្មរបស់ពួកគេតិចតួចប៉ុណ្ណោះ ឬ ក៏គ្មានសោះតែម្ដង។
នាយកគ្រប់គ្រងនៅក្រុមហ៊ុនគីមីជប៉ុន មួយបានលើកឡើងថា ការដំឡើងពន្ធលើទំនិញនាំចូរបស់ចិន នឹងនាំឱ្យមានវិធានការតបតប្រឆាំងគ្នាទៅវិញទៅមក ហើយស្ថានភាពសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗ។
ប្រទេសចិន បានឆ្លើយតបទៅនឹងការដំឡើងពន្ធគយនេះដោយអះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ខ្វះមូលដ្ឋានជាក់ស្តែង ហើយអ្វីដែលសហរដ្ឋអាម៉េរិក បានធ្វើគឺជាការបំផ្លាញគោលការណ៍ពាណិជ្ជកម្មសេរីរបស់ខ្លួនឯង៕
ដោយ: តែម សុខុម