ការថ្លែងឡើងបែបនេះរបស់ប្រមុខការពារជាតិចិន ធ្វើឡើងក្នុងអំឡុងពេលសន្និសីទក្រុងម៉ូស្គូស្តីពីសន្តិសុខអន្តរជាតិ។ ខណៈដែលកាសែតលោកខាងលិច Semafor បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសបេឡារុស្ស ដែលអាចជួយឱ្យរុស្ស៊ីបង្កើនសមត្ថភាពក្នុងការវាយប្រហារលើប្រទេសអ៊ុយក្រែន។
ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងស្វែងរកការពង្រីកភាពជាដៃគូយោធាជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើសាកលលោក ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ហើយភាគច្រើនគឺប្រទេសនៅអាស៊ី អឺរ៉ាស៊ី និងប៉ាស៊ីហ្វិកជាដើម។ ជាមួយគ្នានេះ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលដឹកនាំដោយប្រទេសចិន ទើបតែបញ្ចូលអ៊ីរ៉ង់ជាសមាជិកថ្មីរបស់ខ្លួន។
នៅក្នុងសុន្ទរកថាលោក Li Shangfu រដ្ឋមន្ត្រីការពារជាតិចិនថ្មី បាននិយាយថា «បេឡារុស្សនឹងក្លាយជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃឆាប់ៗនេះ»។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនប្តេជ្ញាលើកកម្ពស់កិច្ចចរចាសន្តិភាព និងការឯកភាពជាអន្តរជាតិដើម្បីដោះស្រាយភាពខុសគ្នា» មិនថាបញ្ហាអាហ្វហ្គានីស្ថាន បញ្ហាស៊ីរី វិបត្តិអ៊ុយក្រែន ឬបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ។
ក្នុងឱកាសនោះដែរ លោកក៏លើកឡើងសាជាថ្មីថា តៃវ៉ាន់គឺជា«ទឹកដី របស់ ចិន ហើយ ការ ប៉ុនប៉ង ណា មួយ របស់ តួអង្គ បរទេស ក្នុង ការ ប្រើ កោះ នេះ ដើម្បី«គ្រប់គ្រង ប្រទេស ចិន»នឹង ត្រូវ បរាជ័យជាក់ជាពុំខាន។ គួរជម្រាបថា ប្រមុខការពារជាតិលោក Li Shangfu ត្រូវបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្សពីថ្ងៃទី១៤ដល់១៩ខែសីហានេះ។ ក្នុង ដំណើរ ទស្សនកិច្ច របស់ លោក ទៅ ប្រទេស បេឡារុស លោក នឹង ជួប ជាមួយ ប្រមុខរដ្ឋ និង យោធា បេឡារុស្ស ព្រមទាំងទៅទស្សនានាយកដ្ឋានយោធាផ្សេងៗនៅប្រទេសបេឡារុស្សផងដែរ៕