«ប្រទេសចិនមានវិធីសាស្ត្រគ្រប់គ្រាន់សម្រាប់ដោះស្រាយ បញ្ហាសេដ្ឋកិច្ច រួមទាំងវិបត្តិថាមពល និង បញ្ហាទំនិញឡើងថ្លៃ ដែលកំពុងជួបប្រទះ» នេះជាអ្វីដែលនាយករដ្ឋមន្ត្រីចិន លោកលី ខឺឈាំង បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី ១៤តុលា ក្នុងកម្មវិធីបើកពិព័រណ៍ ឈ្មោះ Canton នៅមជ្ឈមណ្ឌលឧស្សាហកម្មមួយកន្លែងនៃភាគខាងត្បូង ទីក្រុងក្វាងចូវ។
លោក លី ខឺឈាំងបានបន្តថា ទោះបីជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន កើនយឺតក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារតែកត្តាមួយចំនួនក៏ពិតមែន ប៉ុន្តែរដ្ឋអំណាចចិនមានជំនឿចិត្តខ្ពស់ក្នុងការសម្រេចឲ្យបាន កំណើនសេដ្ឋកិច្ចលើស៦% សម្រាប់ត្រីមាសចុងក្រោយឆ្នាំ២០២១នេះ តាមអ្វីដែលខ្លួនបានគ្រោងទុក។
គួរជម្រាបថា សេដ្ឋកិច្ចរបស់ប្រទេសយក្សសេដ្ឋកិច្ចលំដាប់ទី២ពិភពលោកមួយនេះ កំពុងជួបប្រទះនឹងបញ្ហាផ្ទួនៗ ទោះបីមិនទាន់មានភាពធ្ងន់ធ្ងរក្តី ប៉ុន្តែក្តីបារម្ភកំពុងប្រមូលផ្តុំទៅលើក្បាលម៉ាស៊ីនដឹកនាំក្រុងប៉េកាំង ដែលរុញច្រានឲ្យគេត្រូវរិះគិត និង ដាក់ចេញវិធានការណ៍ជាបន្តបន្ទាប់ដើម្បីដោះស្រាយ។
ស្ថានប័នអន្តរជាតិធំៗ ដូចជា IMF ស្ថាប័នឯកជន អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ និង សេដ្ឋវិទូល្បីៗ សុទ្ធតែបានបន្ទាប កំណើនសេដ្ឋកិច្ចរបស់ចិន តាមការព្យាករណ៍រៀងៗខ្លួន។
ការបន្ទាបកំណើនសេដ្ឋកិច្ចចិនដូចនេះ ធ្វើឡើងក្រោយពីមើលឃើញពីបញ្ហាខ្វះខាតថាមពលកំពុងបន្ដកើតមានកាន់តែខ្លាំងឡើងនៅពាសពេញប្រទេសចិន ដែលបានជះឥទ្ធិពលមិនល្អដល់វិស័យឧស្សាហកម្ម។ ដោយឡែក វិបត្តិឡើងថ្លៃការដឹកជញ្ជូនដ៏រ៉ាំរ៉ៃ គួបផ្សំនឹងវត្ថុធាតុដើមផលិតក៏ឡើងថ្លៃដែរនោះ បានរុញច្រានឲ្យ រោងចក្រឧស្សាហកម្មតូចៗរបស់ចិន បាននិងកំពុងជួបនឹងបញ្ហាផលិតកម្មកាន់តែខ្លាំងផងដែរ។
សូមជម្រាបថា ទោះបីក្រុងប៉េកាំងបានទទួលស្គាល់រាល់បញ្ហាប្រឈម ជាពិសេសបញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូចនិងមធ្យមយ៉ាងណាក្តី តែចិននៅតែសាទរចំពោះអ្វីដែលខ្លួនសម្រេចបាន ដូចជាការរក្សាស្ថិរភាពសេដ្ឋកិច្ចបន្ទាប់ពីការផ្ទុះឡើងដំបូងនៃជំងឺរាតត្បាតកូវីដ១៩ ហើយនៅតែរក្សាបានសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងកម្រិតមួយសមរម្យ។
តាមការព្យាករថ្មីចុងក្រោយពីស្ថាប័នអន្តរជាតិធំៗ ដូចជា IMF និងធនាគារពិភពលោកជាដើម បានឲ្យដឹងថា សេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ នឹងកើនឡើងក្នុងរង្វង់៨%៕