តាមប្រភពព័ត៌មានបានបញ្ជាក់ទៀតថា អ្នកនាំចូលស្រាពីអូស្ត្រាលីទៅកាន់ប្រទេសចិន នឹងត្រូវបង់ពន្ធទៅឲ្យអាជ្ញាធរគយចិនចន្លោះជាង ១១៦% ទៅដល់ជាង២១៨%ឯណោះ។ ជាមួយគ្នានោះ សម្រាប់ការនាំចូលស្រារបស់ក្រុមហ៊ុនផលិតស្រាដ៏ធំរបស់អូស្ត្រាលី គឺ Treasury Wine Estates ក៏ត្រូវបង់ពន្ធគយជាង១៧៥%ផងដែរ។
តើហេតុផលអ្វីខ្លះដែលចិនយកពន្ធស្រាអូស្ត្រាលីយ៉ាងធ្ងន់កយ៉ាងដូច្នេះ?
អាជ្ញាធរចិនបានះអាងថា ក្រោយពីមានការស៊ើបអង្កេតទៅឃើញថា ស្រាអូស្ត្រាលី គឺត្រូវបានផលិតផលដោយមានការឧបត្ថម្ភធន និងលក់ក្រោមតម្លៃទីផ្សារ ដែលនេះចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មើភាព។ ទោះយ៉ាងណា រដ្ឋាភិបាលអូស្ត្រាលីបានច្រានចោលការចោទប្រកាន់នេះ នឹងបានស្រែកតបតវិញថា ខ្លួននឹងតតាំងជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោក។
ប្រទេសចិន គឺជាកំពូលអ្នកបញ្ជាទិញស្រាពីអូស្ត្រាលីនៅមុនពេលមានការដាក់ពន្ធគយបន្ថែមនេះ ដោយ ចិនបានចំណាយប្រហែល១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ ទិញស្រាពីអូស្ត្រាលី ដែលមានប្រហែល ៤០%នៃការនាំចេញស្រាសរុបរបស់អូស្ត្រាលី។
គេសង្កេតឃើញថា នៅរយៈពេលជិតមួយឆ្នាំមកនេះ ចិន និងអូស្ត្រាលីបានប៉ះពារគ្នាខ្លាំងណាស់ និងបានជះឥទ្ធិពលអាក្រក់លើការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរផងដែរ ដោយនៅរយៈពេលចុងក្រោយនេះ ចិនមានការដំឡើងពន្ធលើមុខទំនិញដូចជាធ្យូងថ្ម សាច់គោ បង្កង និងស្រា ដែលនាំចូលពីអូស្ត្រាលី។
ទំនាក់ទំនងអូស្ត្រាលី និងចិនបានប្រះឆា តាំងតែពីឆ្នាំ២០១៨មកម្ល៉េះ នៅពេលដែលអូស្ត្រាលី បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei ពីការបង្កើត 5G របស់ក្រុមហ៊ុននេះ។ ហើយកាលពីឆ្នាំមុននេះ មេដឹកនាំអូស្ត្រាលីក៏បានរួមគំនិតក្នុងការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ អំពីប្រភពដើមនៃការផ្ទុះរាតត្បាតមេរោគកូវីដ-១៩ ដែលថាវាមានប្រភពមកពីទីក្រុងវូហានប្រទេសចិន។ រឿងនេះ បានធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកមិនតិចទេជាមួយអូស្ត្រាលី ហើយវាក៏ជាដើមហេតុដែលធ្វើឲ្យជម្លោះពាណិជ្ជកម្មផ្ទុះរាលដាលកាន់តែខ្លាំងឡើងៗដែរ៕