គោលនយោបាយ និងការកម្រិតស្តង់ដារនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលមួយចំនួន បានជួយពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី ដោយនៅត្រឹមចុងឆ្នាំ២០២៣នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករថា រថយន្តអគ្គិសនីប្រហែល ១៤ លានគ្រឿងនឹងត្រូវបានលក់នៅឆ្នាំនេះ ពោលគឺកើនឡើង ៣៥% បើធៀបនឹងឆ្នាំ២០២២។
ទីភ្នាក់ងារ IEA បានបង្ហាញទិន្នន័យសង្ខេបពីការលក់រថយន្តអគ្គិសនីចន្លោះពីឆ្នាំ២០១០ដល់ឆ្នាំ២០២២ ក្នុងចំណោមប្រទេសមួយចំនួន។ ក្នុងនោះ ប្រទេសចិនលក់បានច្រើនជាងគេបំផុតរហូតដល់ ៥៨% នៃការលក់រថយន្តអគ្គិសនីថ្មីនៅទូទាំងពិភពលោក។
ទីភ្នាក់ងារ IEA បានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០២២ រថយន្តអគ្គិសនីថ្មីចំនួនជិត ៦ លានគ្រឿងត្រូវបានលក់នៅទូទាំងប្រទេសចិន ជាហេតុនាំឱ្យមានកំណើនជាង ៨០% បើធៀបនឹងឆ្នាំ២០២១។ សមាគមក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានប៉ាន់ប្រមាណការលក់រថយន្តប្រភេទនេះថានឹងកើនឡើងថែមទៀត រហូតដល់ ៧ លានគ្រឿង។
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន រួមទាំងក្រុមហ៊ុន ប៊ីវ៉ាយឌី (BYD/Build Your Dreams) និងក្រុមហ៊ុន អេសអេអាយស៊ី-ជីអេម-អ៊ូលីង (SAIC-GM-Wuling) ដែរនោះ បានប្រឹងប្រែងផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ ឥឡូវនេះ ពួកគេបានក្លាយជាអ្នកផលិត និងនាំចេញរថយន្តដ៏ធំបំផុតក្នុងពិភពលោក។
ដោយហេតុថាប្រទេសចិនជាទីផ្សាររថយន្តដ៏ធំបំផុតនៅក្នុងពិភពលោក, គេរំពឹងថា ការកើនឡើងដ៏ឆាប់រហ័សនៃការលក់រថយន្តអគ្គិសនី នឹងជួយកាត់បន្ថយការបំភាយឧស្ម័នការបូនិកនៅប្រទេសចិនដែលជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេបំផុតក្នុងពិភពលោក។
បើប្រៀបធៀបអត្រានៃការលក់រថយន្តអគ្គិសនីនៅក្នុងពិភពលោក ការលក់នៅក្នុងប្រទេសចិនមាន ២៩%, នៅអឺរ៉ុបមាន ២១%, នៅសហរដ្ឋអាមេរិកមាន ៨% និងប្រហែល ២% ទៀតនៅទូទាំងពិភពលោក៕
អត្ថបទ ៖ សុខ ជា