ចិនបើកធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មី

ចិនបើកធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មី ដើម្បីឆ្លើយតបនឹងដំណើរចុះចតរបស់មន្ត្រីកំពូលរបស់កោះនេះ នៅសហរដ្ឋអាមេរិក


ដូចអ្វីដែលមន្ត្រីតៃវ៉ាន់ទាយទុកមិនខុស ប្រទេសចិនកាលពីថ្ងៃសៅរិ៍ ទី១៩ សីហា បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនថា «ជាការព្រមានដល់កម្លាំងបំបែកខ្លួន» តៃវ៉ាន់ និងដើម្បីឆ្លើយតបនឹងដំណើរចុះសំចតនៅលើទឹកដីសហរដ្ឋអាមេរិក របស់លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់ និងជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាឆ្នាំ២០២៤ខាងមុខ។ តៃវ៉ាន់បានចេញមុខថ្កោលទោសសមយុទ្ធនេះ ខណៈសហរដ្ឋអាមេរិកអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់សមយុទ្ធនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសចិនពិតជាធ្វើសមយុទ្ធដូចដែលមន្ត្រីតៃវ៉ាន់រំពឹងទុកមែន!

ក្រោយមកដល់កោះតៃវ៉ាន់វិញនៅថ្ងៃសុក្រ ទី១៨ ខែសីហា ពោលគឺមួយសប្តាហ៍បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីប៉ារ៉ាហ្កាយថ្មី លោក William Lai បេក្ខភាពប្រធានាធិបតីតៃវ៉ាន់ជំនួសលោកស្រីសៃ អ៊ីនវេន សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ បានធ្វើឱ្យប្រទេសចិនក្តៅស្លឹកត្រចៀកសាជាថ្មី ដោយបានបើកសមយុទ្ធយោធាជុំវិញកោះនេះ។ មុនពេលលោកទៅដល់ប្រទេសប៉ារ៉ាហ្កាយ លោក Lai បានចុះចតនៅទីក្រុងញូវយ៉ក និងបានជួបឥស្សវជនមួយចំនួននៅអាមេរិកផងដែរ។
កោះតៃវ៉ាន់បាននិយាយនៅព្រឹកថ្ងៃអាទិត្យ ទី២០ សីហា ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យន្តហោះចម្បាំងចិនចំនួន២៥គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមរបស់តៃវ៉ាន់ ដែលជាដែនអាកាសរវាងកោះតៃវ៉ាន់ និងចិនដីគោក ។ ក្នុងនោះ តៃវ៉ាន់ក៏ចាប់សញ្ញាបានយន្តហោះចម្បាំងប្រមាណជិត២០គ្រឿងផ្សេងទៀត រួមជាមួយនាវាចម្បាំងប្រាំបីគ្រឿងបានបើកធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃទី១៩ ខែសីហា។ យោធាតៃវ៉ាន់ក៏បានពង្រាយនាវាចម្បាំង និងយន្តហោះដើម្បីឆ្លើយតបវិញដែរ។

បើយោងតាមបញ្ជាដ្ឋានកងទ័ពរំដោះប្រជាជនចិនភាគខាងកើតរបស់ប្រទេសចិន បានបង្ហោះសារដែលរួមមានពាក្យស្លោកបីមាត់នៅលើគណនី WeChat ផ្លូវការរបស់ខ្លួន៖ «ការពឹងផ្អែកលើសហរដ្ឋអាមេរិក គឺជាផ្លូវអាក្រក់» «ការស្វែងរកឯករាជ្យ គឺជាទីបញ្ចប់នៃការស្លាប់» និង«ការបង្រួបបង្រួមជាតិឡើងវិញគឺជាផ្លូវត្រូវ»។ យោធាប្រចាំភាគខាងកើតរបស់ចិននេះថា ខ្លួនកំពុងធ្វើសមយុទ្ធរួម និងការហ្វឹកហ្វឺនកងទ័ពជើងទឹក និងអាកាស ដោយផ្តោតលើការហោះហើរយន្តហោះចម្បាំង និងប្រតិបត្តិការនាវាចម្បាំង ដើម្បីសាកល្បង«សមត្ថភាពប្រយុទ្ធជាក់ស្តែង»របស់យោធាខ្លួន។ ខាងភាគីចិនថានេះ ជាការព្រមានដ៏ធ្ងន់ធ្ងរមួយប្រឆាំងនឹងក្រុមចង់ផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ ដែលឃុបឃិតជាមួយកម្លាំងខាងក្រៅ។
ទោះបីជាយ៉ាងណា កោះតៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ និងបានជំរុញទីក្រុងប៉េកាំងឱ្យបញ្ឈប់ការបំភិតបំភ័យតាមរយៈសមយុទ្ធ និងចាប់ផ្តើមការចរចាវិញ ព្រោះប្រជាជនតៃវ៉ាន់បានប្តេជ្ញាការពារខ្លួន ហើយនឹងមិនចុះចាញ់នឹងការគំរាមកំហែងដោយកម្លាំងឡើយ និងថាតៃវ៉ាន់គឺជាប្រជាជាតិដែលមានអធិបតេយ្យភាពស្របច្បាប់មួយ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ហើយជំនួសមកវិញគួរបើកឱ្យមានការសន្ទនាប្រកបដោយអត្ថន័យ។ អ្នកនាំពាក្យរូបនោះថា ស្របពេលនឹងការជំរុញនេះ យោធាអាមេរិកក៏នឹងបន្តតាមដានសមយុទ្ធនេះយ៉ាងដិតដល់ផងដែរ។




អត្ថបទបន្ទាប់


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសថា នឹងលែងពន្យារពេលចូលស្រុកបន្តទៀតហើយ

អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃទី១៩ សីហាថា លោកពិតជានឹងត្រឡប់មកថៃវិញនៅ…

ក្រុមហ៊ុនវិនិយោគរដ្ឋចិន នឹងចាក់បញ្ចូលប្រាក់ចំនួនជិត២ពាន់លានដុល្លារចូលទៅក្នុងរោងចក្របន្ទះឈីបនៅទីក្រុងស៊ិនជិន

ក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិនរួមទាំងមូលនិធិវិនិយោគបន្ទះឈីបដែលគាំទ្រដោយរដ្ឋាភិបាលដ៏ធំបំផុតរបស់ប្រទេសនេះ បានយល់ព្រមចាក់បញ្ចូលប្រាក់ចំនួនជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ