
កីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ គ្រោងចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ទី ២០ខែកុម្ភៈ ក្នុងក្របខណ្ឌរឹតបន្ដឹងសុវត្ថិភាពកូវីដ១៩ ដែលចិនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ចិនត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែល ចាត់វិធានការតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍បានឲ្យដឹងថា មានអ្នកចូលរួមជាច្រើនដែលសុទ្ធសឹងជាកីឡាករ ឬក្រុមការងារកីឡាករ នឹងត្រូវចូលមកកាន់ទឹកដីចិនជាបណ្តើរៗ។ ប្រការនេះ ធ្វើឲ្យលំហូរនៃការធ្វើដំណើរ នឹងការជួបប្រាស្រ័យទាក់ទងគ្នាកើនឡើងផងដែរ។ជាក់ស្តែង នៅពីរខែមុនអូឡាំពិកមកដល់ ចិនដែលតែងតែអនុវត្តវិធានការណ៍កូវីដ១៩តឹងរ៉ឹង រួមមានការបិទខ្ទប់ ការបិទព្រំដែន ការធ្វើតេស្តទ្រង់ទ្រាយធំ ប៉ុន្ដែ ចិននៅតែមានរកឃើញករណីកូវីដ១៩ អូមីក្រុងចំនួន៥ករណីរួចទៅហើយដែរ ក្នុងនោះមាន៤ករណីជាការករណីនាំចូលមកពីក្រៅប្រទេស។
សូមជម្រាបថា ចិនកំពុងប្រឹងប្រែងទប់ស្កាត់រលកឆ្លងរាលដាលកូវីដ១៩ខ្លាំងមែនទែន ខណៈដែលកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងារ កាន់តែខិតជិតមកដល់។ ជាក់ស្តែង អាជ្ញាធរចិន នៅក្រុងស៊ីអាន បានសម្រេចធ្វើតេស្តកូវីដ ទៅលើប្រជាជនទាំងអស់នៅក្នុងក្រុងតែម្តង ដែលមានចំនួនសរុបប្រមាណ ១៣លាននាក់។ ការសម្រេចនេះ គឺបន្ទាប់ពីគេបានរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀត កាលពីថ្ងៃអង្គារទី២១ធ្នូ៕None