ការនាំចេញទំនិញរបស់ចិនត្រូវបានរុញច្រានដោយការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ គ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើការងារពីផ្ទះ ដែលការកើនឡើងដ៏គំហុក ក្នុងខែកក្កដានេះ គឺធ្វើបានល្អជាងខែមិថុនាទៅទៀត ដែលមានកំណើន ០,៥% ។
យ៉ាងណាក៏ដោយ បើតាមទិន្នន័យពីរដ្ឋបាលគយចិនបានបង្ហាញថា ការនាំចេញទំនិញរបស់ចិន សម្រេចបាន ២៣៧ពាន់លានដុល្លារអាមេរិក ខណៈ ការនាំចូលទំនិញពីក្រៅប្រទេស មកកាន់ប្រទេសចិន នៅក្នុងខែកក្កដា សម្រេចបាន ១៧៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះបន្តិច ត្រឹម ១,៤%។
ជារួម ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន នៅក្នុងខែកក្កដា មានជាង ៦២ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងខែមិថុនា ដែលមានជាង ៤៦ពាន់លានដុល្លារអាមេរិក។
អ្នកជំនាញជាច្រើនរូប ក៏បានលើកឡើងដែរថា វិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេនៅលើសកលលោក ពុំទាន់ជួបប្រទះបញ្ហាធ្ងន់ធ្ងរ នៅក្នុងជំនួញជួញដូរ ដោយសារតែបាត់បង់តម្រូវការទីផ្សារពីបណ្តាប្រទេសអភិវឌ្ឍន៍នោះឡើយ ។
ផ្ទុយទៅវិញ ប្រទេសចិនអាចនឹងរកផលចំណេញ ដោយសារតែប្រែក្លាយជា សេដ្ឋកិច្ចឧស្សាហកម្មដំបូងគេ ដែលងើបឡើងវិញពីវិបត្តិមេរោគនេះ និងស្ទុះទៅជំរុញការនាំចេញទំនិញ ស្របពេលដែលដៃគូប្រកួតប្រជែង កំពុងអវត្តមាននៅលើទីផ្សារសកល៕