លោក វ៉ាង វេនតាវ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃចន្ទកន្លង ទៅបានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការត្រួតត្រាលើការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិចទំនើបៗ ដោយហៅការរឹតត្បិតនេះថាជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ការថ្កោលទោសចុងក្រោយរបស់ចិនចំពោះការរឹតបន្តឹងការនាំចេញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក វ៉ាង ជាមួយនឹងសមភាគីជប៉ុន គឺលោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា កាលពីថ្ងៃទី ២៦ ខែឧសភា នៅឯសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង ឌីត្រយ ( Detroit) នៅសហរដ្ឋអាមេរិក។
សូមរម្លឹកថា កាលពីខែមករា ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសហូឡង់ បានយល់ព្រមអនុវត្តតាមការត្រួតពិនិត្យលើការនាំចេញដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក និងដែលកំណត់ការលក់ឧបករណ៍ផលិតបន្ទះឈីបមួយចំនួនទៅឱ្យប្រទេសចិន ហើយប្រទេសជប៉ុនបានដាក់កម្រិតលើការនាំចេញទៅកាន់ប្រទេសចិននូវឧបករណ៍ផលិតគ្រឿងចម្លងអគ្គិសនីទំនើបៗចំនួន ២៣ ប្រភេទ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងលើការនាំចេញទៅកាន់ប្រទេសចិនក្នុងគោលបំណងបង្អង់ការងាររបស់ចិនលើផលិតកម្មកុំព្យូទ័រទំនើបដែលអាចប្រើដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រទេសជប៉ុនមិនបានលើកឡើងចំៗអំពីប្រទេសចិនទេ គឺគ្រាន់តែនិយាយថា ខ្លួនកំពុងបំពេញភារកិច្ចរួមចំណែកដល់សន្តិភាពនិងស្ថិរភាពអន្តរជាតិ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទពីក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយផងដែរថា ប្រទេសចិន"មានឆន្ទៈធ្វើការជាមួយប្រទេសជប៉ុនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ។
សហរដ្ឋអាមេរិក ជប៉ុន និងសមាជិកដទៃទៀតនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7) ក្នុងខែនេះ បានព្រមព្រៀងគ្នា ដើម្បី"ផ្ដាច់ហានិភ័យ"ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ប៉ុន្តែមិនមែនកាត់ផ្ដាច់ចេញពីប្រទេសចិនទេ ពោលគឺកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេសចិន រាប់ចាប់តាំងពីបន្ទះគ្រឿងអេឡិចត្រូនិកទំនើបៗ រហូតដល់ធនធានរ៉ែជាច្រើនទៀត៕
ដោយៈ សរ សុជាតិ