
អ្វីដែលពិសេសជាងនេះទៅទៀត គឺទីក្រុងប៉េកាំង នឹងលុបពន្ធនាំចូល និងពន្ធលើតម្លៃបន្ថែម (VAT) លើទំនិញដែលនាំចូលពី បណ្តាប្រទេស ដែលមិនជាប់ព្រំដែនជាមួយចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងដែរថា ប្រទេសចិន នឹងនាំចូល ទំនិញ និងសេវាកម្ម ដែលមានតម្លៃជាង ៤០ ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ពីបណ្តាប្រទេសក្នុងតំបន់មេគង្គ ហើយនេះជាយុទ្ធសាស្រ្ត កាត់បន្ថយ ការធ្លាក់ចុះនៃពាណិជ្ជកម្មរបស់ចិន ដែលប៉ះពាល់ដោយសារសង្រ្គាមពាណិជ្ជកម្មជាមួយ អាមេរិក។
ក្នុងឆ្នាំនេះ ប្រទេសចិន បានចាក់បញ្ចូលទឹកប្រាក់ជាង ១លាន ៧សែនដុល្លារ ទៅក្នុង គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយនាឱកាសនោះ ប្រទេសថៃ បានបង្កើតជាគំនិតផ្តួចផ្តើម ស្នើសុំពង្រីក តំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសឡាវ និងចិន ឲ្យជាប់ទៅនឹង ព្រំដែនប្រទេសថៃ តែម្តង។
តំបន់នេះ អាចនឹងលាតសន្ធឹងពី ទីក្រុងម៉ូហាន ប្រទេសចិន មកដល់ទីក្រុង ឈៀងខុង ប្រទេសថៃ ឆ្លងកាត់តាម ប្រទេសឡាវ ហើយកាលពីពេលថ្មីៗនេះ ប្រទេសចិន ក៏បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ជាមួយប្រទេសឡាវ ដើម្បីសិក្សាលើការសាងសង់ផ្លូវដែកពី ទីក្រុង គុនមីង ប្រទេសចិន មកកាន់ ទីក្រុង ហួយសៃ ប្រទេសឡាវ និងហួសទៅដល់ ក្រុង ឈៀងខុង ប្រទេសថៃ តែម្តង។
សម្រាប់ តំបន់ភាគខាងត្បូងប្រទេសចិន ដែលមានព្រំដែនជាប់ប្រទេសថៃ និងឡាវនោះ គឺមានប្រជាជនសរុបជាង ៤៧លាននាក់ និងមានផលិតផលក្នុងស្រុកសរុប (GDP) ជាង ២០០លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ ៨ភាគរយក្នុងមួយឆ្នាំ។
ឧបនាយករដ្ឋមន្រ្តីថៃ លោក សោមគីត ចតុស្រីបិតក បានលើកឡើងដែរថា ប្រទេសថៃ គាំទ្រយ៉ាងពេញទំហឹង ចំពោះ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីរបស់ប្រទេសចិន ដែលបានកែទម្រង់យ៉ាងស៊ីជម្រៅ និងជំរុញសហប្រតិបត្តិការរវាង បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។
លោក សោមគីត ជឿជាក់ថា បន្ទាប់ពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីនេះ ចំនួនវិនិយោគិនចិន នឹងបន្តចូលមកវិនិយោគបន្ថែមទៀតក្នុងប្រទេសថៃ ពីព្រោះបច្ចុប្បន្ន មានក្រុមហ៊ុនចិនជាច្រើន កំពុងវិនិយោគ នៅក្នុងប្រទេសថៃ ស្រាប់ហើយ។
គួរជម្រាបដែរថា ប្រទេសថៃ នឹងដឹកនាំកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត ជាមួយនឹងប្រទេសចិន និងប្រទេសឡាវ ដើម្បីបញ្ចប់គម្រោងតំបន់ពាណិជ្ជកម្មសេរីនេះ ដែលរំពឹងថា គម្រោងនេះ អាចនឹងបញ្ចប់ទាំងស្រុង ក្នុងពេល ២- ៣ឆ្នាំខាងមុខនេះ៕