ឡានដឹកទំនិញដំបូង បានដឹកទំនិញឆ្លងកាត់ព្រំដែន ដើម្បីឲ្យគយត្រួតពិនិត្យនៅម៉ោង ៨ព្រឹក នាថ្ងៃព្រហស្បតិ៍ ទី ២០ ខែកុម្ភៈ កន្លងទៅនេះ ខណៈដែលការត្រួតពិនិត្យសុវត្ថិភាពពីការចម្លងមេរោគ Covid 19 នៅតែបន្ដធ្វើឡើងយ៉ាងតឹងរឹងដដែល ពីសំណាក់ភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាលចិន និងវៀតណាម នៅតាមច្រកព្រំដែននេះ។ ឡានដឹកទំនិញចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេសចិន នឹងត្រូវដាក់ទំនិញចុះហើយត្រឡប់មកវិញនៅថ្ងៃដដែល ដោយមិនមានការពន្យារពេលនោះទេ។ ជាមួយគ្នានោះ អ្នកបើកបរ ក៏តម្រូវឲ្យពាក់ម៉ាស់ និងសម្លៀកបំពាក់ការពារសុវត្ថិភាព ពីការឆ្លងមេរោគផងដែរ ហើយពួកគេមិនត្រូវបានអនុញ្ញាតឲ្យចុះពីកាប៊ីនរថយន្ដនោះទេ ។
អ្នកបើកបររថយន្ដដឹកទំនិញមានការរីករាយយ៉ាងខ្លាំងក្រោយពីបានឃើញច្រកព្រំដែនវៀតណាម និងចិន បានបើកដំណើរការឡើងវិញ។ ពួកគេបាននិយាយថា មានទំនិញជាច្រើន នឹងត្រូវប៉ះពាល់ ប្រសិនបើច្រកព្រំដែនមួយនេះ នៅតែបន្តបិទ ហើយថ្លៃចំណាយនឹងមានការកើនឡើងកាន់តែខ្ពស់ដែរ ប្រសិនបើឡានដឹកទំនិញរបស់ពួកគេ នៅជាប់គាំងនៅតាមព្រំដែន ក្នុងរយៈពេលយូរ។
ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈមក ការនាំចេញ នាំចូលទំនិញ តាមរយៈច្រកព្រំដែននៃខេត្ត Lang Son ប្រទេសវៀតណាម ត្រូវបានត្រួតពិនិត្យ តាមរយៈច្រកព្រំដែនអន្តរជាតិ Huu Nghi តែមួយប៉ុណ្ណោះ ដូច្នេះហើយ មានកុតឺន័រ និងឡានដឹកទំនិញជាច្រើនបានកកស្ទះនៅច្រកព្រំដែនវៀតណាម Huu Nghi នេះ។
ថ្នាក់ដឹកនាំខេត្ត ឡាង សុន នៃប្រទេសវៀតណាម បានធ្វើការចរចា និងស្វែងរកដំណោះស្រាយជាមួយភាគីចិន ហើយចុងក្រោយភាគីទាំងពីរ បានឯកភាពគ្នាបន្តអនុញ្ញាតឲ្យទំនិញឆ្លងកាត់ច្រកព្រំដែន តាន់ ថាញ់ ដោយឈរលើមូលដ្ឋាន ការបង្ការការរីករាលដាលនៃវីរុស Covid 19 ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់បំផុត។
ការបើកដំណើរការច្រកព្រំដែន តាន់ ថាញ់ ឡើងវិញនេះ មិនត្រឹមតែជួយសម្រួលដល់ការកកស្ទះទំនិញនៅច្រកព្រំដែន Huu Nghi ប៉ុណ្ណោះទេ ប៉ុន្ដែ វានឹងបង្កើនការនាំចេញផលិតផលកសិកម្មវៀតណាម ទៅកាន់ទីផ្សារចិនឡើងវិញផងដែរ។
ទោះយ៉ាងណា តាមអាជ្ញាធរវៀតណាម បានឲ្យដឹងថា វិធានការត្រួតពិនិត្យនៅច្រកព្រំដែន តាន់ ថាញ់នេះ គឺនឹងត្រូវធ្វើឡើងតឹងរឹងណាស់ ដូច្នេះហើយ វានឹងចំណាយពេលវេលាយូរជាងធម្មតាដើម្បីឲ្យគយត្រួតពិនិត្យ៕