បច្ចុប្បន្ន ចំណុចខ្សោយមួយរបស់ចិន គឺថា នាវាដឹកប្រេង នាវាដឹកទំនិញ និងនាវាចម្បាំងត្រូវធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ដើម្បីវាងប្រទេសសិង្ហបុរី និងផ្នែកខាងលិចនៃម៉ាឡេស៊ី តាមជ្រោយ ម៉ាឡាកា ។
រដ្ឋាភិបាលក្រុងប៉េកាំង ចង់កាត់បន្ថយបញ្ហានេះដោយកសាង"ព្រែកជីកថៃ" នៅចន្លោះពីឈូងសមុទ្រថៃ និងសមុទ្រ Andaman នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ ដែលគម្រោងនេះ ត្រូវគេគិតថា ចំណាយអស់ ៣០ពាន់លានដុល្លារអាមេរិក ។
យោងតាមទស្សនាវដ្ដី Foreign Policy ប្រសិនបើព្រែកជីកថៃនេះកើតមានមែន នោះចិននឹងបង្កើនការគ្រប់គ្រងទៅលើប្រទេសថៃ និងអាចថែមទាំងសម្រេចចិត្តជួយឧទ្ទាមមូស្លីមនៅភាគខាងត្បូងបំបែកខ្លួនចេញពីប្រទេសថៃទៀតផង ប្រសិនបើរដ្ឋាភិបាលថៃដែលមិនសូវកាន់ជើងចិនឡើងកាន់អំណាចនៅទីក្រុងបាងកក ។
ព្រែកជីកដដែលនេះ នឹងក្លាយជាផ្នែកមួយនៃគោលនយោបាយ "ខ្សែគុជ"របស់ចិន ក្នុងនោះរាប់ទាំងការគ្រប់គ្រងទៅលើកំពង់ផែ និងមូលដ្ឋានយោធាជើងទឹកដែលគេចោទប្រកាន់ថាអាចនឹងមាន នៅក្នុងប្រទេសកម្ពុជា ស្រីលង្កា និង ឌ្ជីប៊ូទី (Djibouti) ដែលនាំឲ្យឥណ្ឌាព្រួយបារម្ភអំពីការឡោមព័ទ្ធដោយកងទ័ពជើងទឹករបស់ចិន ៕ ប្រភព ៖ Taiwan News