សង្គ្រាមបច្ចេកវិទ្យារ

ចិនព្រមានចាត់វិធានការសងសឹក បើអាម៉េរិកហ៊ានហាមឃាត់ការនាំចូលមនុស្សយន្ត និងបច្ចេកវិទ្យា សូឡារបស់ខ្លួន


សង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក កំពុងឡើងកម្តៅជាថ្មី។ ចិនបានព្រមានធ្ងន់ៗថា ខ្លួននឹងសងសឹកយ៉ាងចាស់ដៃ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តដាក់​បម្រាមលើមនុស្សយន្តផលិតនៅចិន និងឧបករណ៍បំប្លែងថាមពលសូឡា ដោយ​ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងយកបញ្ហាសន្តិសុខជាតិធ្វើជាលេស ដើម្បីរារាំងបច្ចេកវិទ្យាចិន និងទប់ស្កាត់ការរីកចម្រើននៃឧស្សាហកម្មរបស់ខ្លួន។
សង្គ្រាមបច្ចេកវិទ្យារ
ដោយ

សារព័ត៌មាន Bloomberg និង Reuters បានរាយការណ៍នៅថ្ងៃទី៣០ ខែកក្កដាថា គណៈកម្មការទំនាក់ទំនងសហព័ន្ធអាម៉េរិកបានប្រកាសចាត់វិធានការរឹតបន្តឹងថ្មីលើមនុស្សយន្ត និងឧបករណ៍បំប្លែងថាមពលសូឡា ដែលផលិតនៅបរទេស ដោយអះអាងថា វិធានការនេះមានគោលដៅការពារសន្តិសុខជាតិ និងកាត់បន្ថយហានិភ័យលើខ្សែច្រវាក់ផ្គត់ផ្គង់។ ទោះបីជាវិធានការនេះមិនបានបញ្ជាក់ឈ្មោះប្រទេសចិនចំៗក៏ដោយ ក៏គេមើលឃើញយ៉ាងទូលំទូលាយថា វាជាការកំណត់គោលដៅលើក្រុមហ៊ុនចិនដោយសារចិនគ្រប់គ្រងទីផ្សារពិភពលោកទាំងផ្នែកមនុស្សយន្តឧស្សាហកម្ម និងឧបករណ៍បំប្លែងថាមពលសូឡា។
ជាការឆ្លើយតបក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសវិធានការនេះថា ជាការគាបសង្កត់ជាឯកតោភាគី ហើយទាមទារឱ្យអាម៉េរិកដកបម្រាមនេះជាបន្ទាន់។ ទីក្រុងប៉េកាំង ក៏បានព្រមានដែរថា នឹងចាត់វិធានការតបតវិញ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនព្រមផ្លាស់ប្តូរជំហរទេនោះ។ ជម្លោះនេះអាចធ្វើឱ្យសង្គ្រាមបច្ចេកវិទ្យារវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែឡើងកម្ដៅ ខណៈនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មុនជំនួបកំពូលដែលគ្រោងធ្វើឡើងរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង។
ក្រុមអ្នកគាំទ្រវិធានការរបស់អាម៉េរិកបានអះអាងថា ការរឹតបន្តឹងនេះនឹងជួយពង្រឹងឧស្សាហកម្មមនុស្សយន្តក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាចិន និងទប់ស្កាត់មនុស្សយន្តតម្លៃទាបពីប្រទេសចិនមិនឱ្យហូរចូលទីផ្សារអាម៉េរិក។ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា វិធានការនេះ ក៏អាចប៉ះពាល់ដល់វិស័យថាមពលសូឡារបស់អាម៉េរិកផងដែរ ព្រោះក្រុមហ៊ុនចិនផលិតរហូតដល់ទៅប្រមាណ៩១% នៃឧបករណ៍បំប្លែងថាមពលសូឡារបស់ពិភពលោក ដែលធ្វើឱ្យពិបាកស្វែងរកជម្រើសផ្សេងមកជំនួសក្នុងរយៈពេលខ្លី។
ការប្រឈមមុខលើកនេះបង្ហាញថា ការប្រកួតប្រជែងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង លែងមានត្រឹមតែពាណិជ្ជកម្មទៀតហើយ ប៉ុន្តែកំពុងរាលដាលទៅដល់ការដណ្តើមឥទ្ធិពលគ្នាលើបច្ចេកវិទ្យាទំនើប បញ្ញាសិប្បនិម្មិត (AI) មនុស្សយន្ត និងថាមពលស្អាត ដែលជាវិស័យសំខាន់ៗសម្រាប់ពង្រឹងអំណាចសេដ្ឋកិច្ច និងសន្តិសុខនាពេលអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


SOUEAST ប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយកំពូលរថយន្ត SUV យុទ្ធសាស្ត្រទាំង ៣ ម៉ូឌែល ដោយនាំមកនូវយុគសម័យថ្មី "EASE YOUR LIFE"

ក្រុមហ៊ុន Z​​ D G (CAMBODIA) Co., Ltd. បានរៀបចំព្រឹត្តិការណ៍​សម្ពោធជាផ្លូវការ​ ម៉ាករថយន្ត SOUEAST ប្រចាំប្រទេសកម្ពុជា ដោយជោគជ័យនាថ្ងៃទ…

កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង២,៦ពាន់លានដុល្លារកើនឡើងជាង១៨%​ តើមានកត្តាជំរុញអ្វីខ្លះ?

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងរងការគំរាមកំហែងពីជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ