តាមការរាយការណ៍ពីបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានអះអាងថា នាវាចម្បាំងរបស់អាមេរិក USS Benfold បានបើកចូលដោយខុសច្បាប់នៅក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាត ដែលវាគឺជារំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសចិន ហើយកងកម្លាំងជើងទឹក និងកងកម្លាំងជើងអាកាសចិន ក៏បានធ្វើការតាមដានយ៉ាងម៉ត់ចត់លើនាវាចម្បាំងរបស់អាមេរិកមួយនេះផងដែរ។
យោធាចិនអះអាងថា ពួកគេបានទាមទារឲ្យភាគីអាមេរិក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុ បើមិនដូច្នេះទេ វានឹងទទួលនូវផលវិបាកធ្ងន់ធ្ងរ ដែលអាចកើតឡើងដោយមិនអាចដឹងមុនបាន។
ទោះយ៉ាងណា កងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវាចម្បាំង Benfold របស់ខ្លួន មានសិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងតំបន់ប្រជុំកោះប៉ារ៉ាសែល ស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យកងនាវាចរទី៧ របស់អាមេរិក លោក Mark Langford បាននិយាយថា នៅពេលបញ្ចប់ប្រតិបត្តិការ នាវាចម្បាំង Benfold បានចាកចេញពីកន្លែងដែលមានការទាមទារហួសហេតុនោះ និងបន្ដប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិក តែងតែអនុវត្តនូវសកម្មភាពរបស់ខ្លួន ដែលអាមេរិកខ្លួនឯងតែហៅថា ជាសេរីភាព នៃបេសកកម្មនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រជែងនឹងការទាមទារដែនទឹកដ៏ខ្លាំងក្លាពីសំណាក់ក្រុងប៉េកាំង។
ប្រទេសចិនត្រូវបានគេដឹងថា បានបង្កើតប៉ុស្ដិ៍យោធា នៅលើកោះសិប្បនិមិត្តនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង ដែលត្រូវបានឆ្លងកាត់ដោយផ្លូវនាវាដឹកជញ្ជូនទំនិញសំខាន់ៗជាច្រើន ហើយទីនោះក៏មានផ្ទុកនូវឧស្ម័ន និងធនធានសម្រាប់ការនេសាទដ៏សម្បូរបែបផងដែរ។
បញ្ហាដ៏ចម្រូងចម្រាស់សមុទ្រចិនខាងត្បូងនេះ គឺជាចំណុចក្ដៅ និងរសើបបំផុតមួយរវាងទំនាក់ទំនងមហាអំណាចចិន និងអាមេរិក ដោយអាមេរិកតែងតែច្រានចោលនូវអ្វីជាការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូងនោះ ហើយអាមេរិកបានចាត់ទុកថា ជាទង្វើខុសច្បាប់។
មែនទែនទៅ បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ មានជាប់ទាក់ទងនឹងប្រទេស និងដែនដីចំនួន៦រួមមាន ចិន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន និងកោះតៃវ៉ាន់ ដោយពួកគេមានការទាមទារលើតំបន់ត្រួតស៊ីគ្នាជាច្រើននៅក្នុងសមុទ្រចិនខាងត្បូងនេះ ហើយក្នុងនោះ ចិនមានការទាមទារយកធំជាងគេបំផុត៕