នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ក្រសួងការបរទេសអាមេរិកមិនបានផ្តល់ព័ត៌មានច្រើនជុំវិញជំនួបតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិននិងអាមេរិកនោះទេ ប៉ុន្តែបើតាមការរាយការណ៍ដោយសារព័ត៌មានរដ្ឋចិនស៊ិនហួរ ក្រុងប៉េកាំង បានអំពាវនាវឱ្យវ៉ាស៊ីនតោនដើរតួនាទីក្នុងន័យស្ថាបនា និងចូលរួមក្នុងការស្តារឡើងវិញដោយសន្តិវិធីដល់ប្រទេសអាហ្វហ្គានីស្ថាន ដែលញ៉ាំញីដោយសារតែសង្គ្រាមអស់ពេលជាង២០ឆ្នាំមកនេះ។
ត្រូវបានស្រង់សម្តីដើមដោយស៊ិនហួរ ហើយត្រូវបានចុះផ្សាយបន្តដោយ South China Morning Post លោក ហ្វាង យីទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសផងនោះ បានគូសបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយអាមេរិក ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហានៅអាហ្វហ្គានីស្ថាន ជៀសវាងបង្កឲ្យមានសង្គ្រាមស៊ីវិលជាថ្មី ឬគ្រោះមហន្តរាយដល់មនុស្សជាតិ និងដើម្បីចៀសវាងកុំឱ្យអាហ្វហ្គានីស្ថានក្លាយជាជម្រុកនៃក្រុមភេរវកម្មម្តងទៀត។
មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះបានបន្តទៀតថា ដើម្បីឲ្យចិននិងអាមេរិកអាចសហការគ្នាដោះស្រាយវិបត្តិទាំងនេះបាន សហរដ្ឋអាមេរិកមិនគួរធ្វើជាឆ្អឹងទទឹងក និងគាបសង្កត់ចិនដោយចេតនា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ពិភពលោកជារួមនោះទេ។ លោក យី ស្នើឲ្យអាមេរិកបន្ធូរបន្ថយសម្ពាធនិងភាពតានតឹងជាមុនសិន។
គួរជម្រាបថា សហរដ្ឋអាមេរិកនៅមួយរយៈចុងក្រោយ បានរងការរិះគន់ផ្ទួនៗពីប្រទេសចិន និងរុស្សីថា បានដកទ័ពពីអាហ្វហ្គានីស្ថាន លឿនជ្រុលពេក ដែលបណ្តាលឲ្យក្រុមតាលីបង់វាយដណ្តើម និងផ្តួលរល៉រដ្ឋាភិបាលបានដោយងាយ។
បន្ទាប់ពីក្រុមតាលីបង់ទទួលបានជ័យជំនះ ចិនបានសម្តែងការព្រួយបារម្ភពីការដែលក្រុមភេរវកម្មអាចកម្រើក និងមានសកម្មភាពឡើងវិញ ដែលបង្កជាការគម្រាមកំហែងផ្នែកសន្តិសុខក្នុងតំបន់និងពិភពលោក ជាពិសេសបង្កការគម្រាមកំហែងដល់ប្រទេសចិន ពីព្រោះថាចិនមាន ព្រំដែនជាប់អាហ្វហ្កានីស្ថានសរុបចំនួន ៧៦គីឡូម៉ែត្រ ក្នុងនោះមាន ៨គីឡូម៉ែត្រជាប់នឹងតំបន់ស៊ិនជាំង ទីដែលប្រជាជនភាគច្រើនកាន់សាសនាម៉ូស្លីម៕