របាយការណ៍ទិន្នផលរោងចក្រសហគ្រាស ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចិននៅថ្ងៃច័ន្ទសប្តាហ៍នេះ បានបង្ហាញពីការធ្លាក់ចុះផលិតផលរបស់រោងចក្រសហគ្រាសពី ៨,៣% នៅខែមិថុនា មកនៅត្រឹម ៦,៤% សម្រាប់ខែកក្កដា។ ការថយចុះនេះផងដែរ គឺផ្ទុយស្រឡះពីការព្យាករណ៍កន្លងមកសម្រាប់ខែកក្កដាថា ទិន្នផលរោងចក្រសហគ្រាសនៅប្រទេសចិនអាចនឹងបន្តកើនឡើងក្នុងរង្វង់ជិត ៨%។
ជាមួយគ្នានេះ វិស័យលក់រាយក្នុងទីផ្សារប្រទេសចិន ក៏បានបង្ហាញពីសញ្ញាដាំក្បាលចុះផងដែរ ដោយកាលពីខែមិថុនាវិស័យលក់រាយមានកំណើនជាង ១២% ខណៈខែកក្កដាបានធ្លាក់ចុះមកនៅត្រឹម៨,៥% ទាបជាងការព្យាករដែលថា កំណើននឹងអាចមានដល់ ១១,៥%។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញដល់កម្រិតកំណើនមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងនេះ កំពុងបាត់បង់សម្ទុះទៅវិញបណ្តើរៗ ដោយសារអាជីវកម្មប្រឈមមុខនឹងការចំណាយថ្លៃដើមខ្ពស់ជាងមុន គួបផ្សំនឹងភាពរង្គោះរង្គើនៃខ្សែចង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ។ ការកម្រើកឡើងវិញនៃមេរោគកូវីដ-១៩ បំប្លែងថ្មីឌែលតា ចាប់ពីខែកក្កដា ដែលនាំឱ្យមានការរឹតបន្តឹងសារជាថ្មី បានបង្កការរំខានដល់ផលិតកម្មរោងចក្ររបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរមួយនេះ។
ជាមួយនឹងវត្តមាននៃកូវីដ១៩ឌែលតា ប្រទេសចិនជាថ្មីម្តងទៀត បានរឹតបន្តឹងសកម្មភាពសង្គមនិងសេដ្ឋកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងទីក្រុងមួយចំនួន ដែលបានឈានទៅប៉ះពាល់ដល់វិស័យសេវាកម្ម ជាពិសេសការធ្វើដំណើរនិងបដិសណ្ឋារកិច្ច។
ដោយឡែក គ្រោះធម្មជាតិនៅក្នុងខេត្តសំខាន់ៗមួយចំនួនរបស់ចិន បានក្លាយជាសម្ពាធមួយកម្រិតទៀតដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ជាក់ស្តែង ភ្លៀងធ្លាក់ច្រើននៅខេត្តហឺណានកាលពីខែកក្កដា បានបង្កឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ៣០០ នាក់។
សូមបញ្ជាក់ថា ក្រោយរបាយការណ៍ខែកក្កដាដែលចេញផ្សាយដោយ ការិយាល័យស្ថិតិជាតិរបស់ចិន បានបង្ហាញពីសញ្ញាធ្លាក់ចុះក្នុងវិស័យសំខាន់ៗជាច្រើនបែបនេះ អ្នកវិភាគសេដ្ឋកិច្ចចិនកាន់តែច្រើនឡើងផងដែរ បានផ្តើមកាត់បន្ថយការប៉ាន់ប្រមាណរបស់ពួកគេ ស្តីពីកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទី៣ឆ្នាំនេះ ពីរង្វង់ជិត ៩% មកនៅត្រឹមប្រមាណ ៨,៣%៕