ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានសន្ទុះងើបឡើងវិញជាបណ្ដើរៗហើយនៅក្នុងត្រីមាសទី៣កន្លងមកនេះ ដោយផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងជិត៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខនេះគឺកើនលើសពីការប៉ាន់ប្រមាណ ដែលថានឹងមានកំណើនតែជាង៤%ប៉ុណ្ណោះនៅក្នុងការស្ទង់មតិមួយ ដែលបានធ្វើជាមួយក្រុមអ្នកវិភាគកន្លងមកនេះ ហើយវាក៏ធ្វើឱ្យគោលដៅកំណើនប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំងអាចស្ថិតក្នុងកម្រិតកើនឡើងផងដែរ ដោយសារនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះ សេដ្ឋកិច្ចចិនបានកើនឡើងជាង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហ្ស៊ីវ៉េ ហ្សាង (Zhiwei Zhang) ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management នៅទីក្រុងហុងកុង បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា គោលដៅកំណើនគឺត្រូវកំណត់សម្រេចឱ្យបានប្រហែល៥%។ បើគិតតាមត្រីមាសវិញ សេដ្ឋកិច្ចរបស់ចិនបានកើនឡើងជាង១% នៅក្នុងចន្លោះពេលចាប់ពីខែ កក្កដា ដល់ខែកញ្ញា ហើយអត្រាកំណើននេះបានកើនឡើង០.៨% បើធៀបនឹងកំណើនប្រចាំត្រីមាសទី២នៅឆ្នាំនេះ។
ទោះជាសន្ទុះកំណើនសេដ្ឋកិច្ចបានងើបឡើងវិញក៏ដោយ ក៏ប៉ុន្តែបើតាមការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា វិស័យអចលនវត្ថុដែលសំខាន់ជាងគេទាំងអស់នៅតែធ្លាក់ចុះនៅឡើយ ដោយនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារអចលនទ្រព្យដែលរួមចំណែកដល់សេដ្ឋកិច្ចចិនរហូតដល់៣០%នោះ បានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីជាង២ឆ្នាំមុន បន្ទាប់ពីការគៀបសង្កត់ដោយរដ្ឋាភិបាលចិន លើការខ្ចីប្រាក់របស់ក្រុមអ្នកអភិវឌ្ឍ។ ការធ្លាក់ចុះវិស័យនេះទំនងនឹងបន្តអូសបន្លាយពេលយូរថែមទៀត ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ការរំពឹងទុកពីកំណើនរបស់ចិនក្នុងពេល៣ទៅ៥ឆ្នាំខាងមុខទៀត។
ទីក្រុងប៉េកាំង បានបង្កើនការខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្តារកំណើនឡើងវិញរួមទាំងការកាត់បន្ថយអត្រាការប្រាក់ ការដកការរឹតបន្តឹងលើការទិញផ្ទះ និងរថយន្ត ការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការបន្ធូរបន្ថយការគ្រប់គ្រងមូលធន ដើម្បីទាក់ទាញការវិនិយោគពីបរទេស។
ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Capital Economics បាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃពុធថា មានសញ្ញាវិជ្ជមានគ្រប់គ្រាន់នៅក្នុងទិន្នន័យថ្មីៗ ដើម្បីបង្ហាញថា សេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញហើយ។
ក្រុមអ្នកវិភាគទាំងនេះបានបន្ថែមថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ចនេះ គឺមួយផ្នែកបានឆ្លុះបញ្ចាំងពីការបោះជំហានថ្មីៗក្នុងការគាំទ្រគោលនយោបាយ ដែលមើលទៅទំនងជានឹងបន្តបែបនេះនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត៕
អត្ថបទ៖ សុខ ជា