រដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៅក្នុងប្រទេសចិន កំពុងរិះរកវិធីសាស្ត្រក្នុងការទាញយកផលប្រយោជន៍ ពីការកំណត់ និងការដាក់ចេញគោលនយោបាយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សចាស់។ បើតាមការព្យាករណ៍របស់អ្នកជំនាញ សកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សចាស់នៅក្នុងប្រទេសចិន អាចមានទំហំដល់ទៅជាង៤ទ្រីលានដុល្លារ ដែលមានតម្លៃប្រហាក់ប្រហែលនឹង១០% នៃអត្រាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននៅក្នុងឆ្នាំ២០៣៥។
តាមការរំពឹងទុកប្រទេសចិននឹងមានប្រជាជនដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ប្រហែលជា៣០%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០៣៥ ដូច្នេះហើយទើបអ្នករៀបចំគោលនយោបាយសេដ្ឋកិច្ចរបស់ចិនកំពុងតែដាក់ចេញគោលនយោបាយណា ដែលសមស្របដើម្បីគេចចេញពីវិបត្តិនៃការចំណាយ។
ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានចេញនូវគោលការណ៍ណែនាំមួយសម្រាប់ការបណ្តុះបណ្តាលកម្មករជំនាញក្នុងវិស័យសេដ្ឋកិច្ចសម្រាប់មនុស្សចាស់ កាលពីខែមិថុនាកន្លងទៅ។ ការដាក់ចេញចំណាត់ការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សារដ្ឋបានប្តេជ្ញាសហការជាមួយវិស័យឯកជនដោះស្រាយបញ្ហាប្រឈមនៃចំនួនប្រជាជនវ័យចំណាស់ រួមទាំងការកែលម្អសេវាម្ហូបអាហារ ការថែទាំសុខភាព និងការពន្លឿនការអភិវឌ្ឍស្ថាប័នថែទាំមនុស្សចាស់។
ចំនួនប្រជាជនចិន បានចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២២ ហើយអង្គការសហប្រជាជាតិ បានព្យាករណ៍ថា ពលរដ្ឋចិននឹងថយចុះមកត្រឹម១,៣ពាន់លាននៅឆ្នាំ២០៥០ និងធ្លាក់ចុះក្រោម ៨០០លាននាក់នៅឆ្នាំ២១០០៕
ដោយៈ សរ សុជាតិ