កំណើននាំចូលធ្យូងថ្មពីរុស្ស៊ីនេះ គឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយរបស់ចិន ហើយធ្យូងថ្មដែលចិនទិញពីរុស្ស៊ី សុទ្ធសឹងតែជាការលក់បញ្ចុះតម្លៃដូចទៅនឹងប្រេងឆៅដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទិន្នន័យពីរដ្ឋបាលគយចិនបានបង្ហាញថា កាលពីខែកក្កដា ចិននាំចូលប្រេងរុស្ស៊ីមានចំនួនសរុបជាង ៧លានតោន កើនឡើង ៧,៦%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ ទោះបីចិនជាប្រទេសទិញប្រេងធំបំផុតរបស់រុស្ស៊ីក៏ដោយ ការផលិតប្រេងរបស់រុស្ស៊ីក្នុងខែកក្កដា គឺស្មើនឹងប្រហែលជិត១លាន៧សែនបារ៉ែលក្នុងមួយថ្ងៃ គឺទាបជាងកំណត់ត្រារបស់ខ្លួនកាលពីខែឧសភា ដែលមានជិតដល់ ២លានបារ៉ែលក្នុងមួយថ្ងៃ។
បើតាមរបាយការណ៍ដដែល ការនាំចូលប្រេងពីរុស្ស៊ីមកចិន រាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ មានចំនួនសរុប ៤៨ លានតោន កើនឡើង ៤,៤% តាមពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានផ្គត់ផ្គង់ ជិត៥០លានតោន។ ចិនបានងាកទៅបង្កើនការនាំចូលពីប្រទេសអ្នកផ្គត់ផ្គង់ទី២របស់ខ្លួនផងដែរ គឺអារ៉ាប៊ីសាអូឌីត ក្នុងចំនួនជាង ៦លាន៥សែនតោន ឬស្មើនឹងជាង ១លាន៥សែនបារ៉ែលកាលពីខែកក្កដា។
គួរជម្រាបថា ការបញ្ជាច្រើនជាងមុនពីប្រេងរុស្ស៊ី ធ្វើឱ្យចិនផ្អាកនិងខ្លះកាត់បន្ថយការនាំចូលមួយភាគធំ ពីប្រទេសដទៃដែលខ្លួនធ្លាប់នាំចូល។ ជាក់ស្តែង ការបញ្ជាទិញពីប្រទេសអង់ហ្គោឡា ធ្លាក់ចុះ ២៧% និងប្រេស៊ីលធ្លាក់ចុះ ៥៨%។ គយចិនបានរាយការណ៍ថា គ្មានការនាំចូលប្រេងទាល់តែសោះ ពីប្រទេស វ៉េណេស៊ុយអេឡា ឬអ៊ីរ៉ង់កាលពីខែមុន។
ដោយឡែក សម្រាប់ធ្យូងថ្មវិញ ចិនបាននាំយកធ្យូងថ្មចំនួនជិត ៧លាន៥សែនតោនពីប្រទេសរុស្ស៊ីកាលពីខែមុន។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅគយចិនដដែល។ ចំនួននេះជាតួលេខប្រចាំខែខ្ពស់បំផុតរាប់គិតក្នុងស្ថិតិប្រៀបធៀបកាលពី៥ឆ្នាំមុន។
បណ្តាប្រទេសលោកខាងលិចកំពុងបញ្ចៀសការបញ្ជាទិញទំនិញពីប្រទេសរុស្ស៊ី ខណៈការរហាមឃាត់របស់សហភាពអឺរ៉ុបលើធ្យូងថ្មរុស្ស៊ី បានចូលជាធរមានហើយកាលពីថ្ងៃទី១១ខែសីហា ក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលបានពីការលក់ថាមពលរបស់វិមានក្រឹមឡាំង។ការហាមប្រាមទាំងនេះបានបង្ខំឱ្យរុស្ស៊ីកំណត់គោលដៅអ្នកទិញថ្មី ដូចជាចិន និងឥណ្ឌាជាដើម ហើយព្រមទាំងលក់ឱ្យក្នុងតម្លៃថោកថែមទៀត។
សូមជម្រាបថា ធ្យូងថ្មរុស្ស៊ីកាន់តែច្រើននឹងហូរចូលទៅក្នុងប្រទេសចិនក្នុងត្រីមាសទី៤ នៅពេលដែលឧបករណ៍ប្រើប្រាស់នៅតាមផ្ទះ នៅភាគខាងជើងប្រទេសចិននឹងមានតម្រូវការថាមពលអគ្គិសនីច្រើនជាងមុនសម្រាប់រដូវរងា៕