ការវិនិយោគអចលនទ្រព្យនៅចិន

ការវិនិយោគអចលនទ្រព្យនៅចិនដាំក្បាលចុះជាលើកដំបូងក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ


ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានជួបនូវការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ ហើយក៏ជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល២៣ឆ្នាំមកនេះផងដែរ។ លើសពីនេះ ការលក់អចលនទ្រព្យ ក៏ដូចជាការសាងសង់អគារផ្សេងៗ សុទ្ធតែបានដាំក្បាលចុះ ក្នុងនោះក្រុមហ៊ុនមួយចំនួនបានក្ស័យធន និងជំពាក់បំណុលវណ្ឌក ដែលបណ្តាលឱ្យគម្រោងសាងសង់ត្រូវផ្អាកពាក់កណ្តាលទីក៏មាន។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ការវិនិយោគអចលនទ្រព្យនៅចិន ធ្លាក់ចុះលើកដំបូងគិតពីឆ្នាំ១៩៩៩មក

ការរអិលចុះនៃវិស័យអចលនទ្រព្យនេះ ក៏បានពន្យឺតទៅដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាយក្សសេដ្ឋកិច្ចទីពីរក្នុងពិភពលោកមួយនេះផងដែរ ព្រោះថាវិស័យអចលនទ្រព្យជាវិស័យជន្ទល់សេដ្ឋកិច្ចមួយសម្រាប់ចិន។

យោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិនៃប្រទេសចិនបានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាតួលេខពីរខ្ទង់ឯណោះ ពោលគឺមានដល់១០%ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដោយវាគឺជាការធ្លាក់ចុះលើកដំបូងគិតចាប់ពីឆ្នាំ១៩៩៩មក។

ចំណែកការលក់អចលនទ្រព្យនៅក្នុងប្រទេសនេះ បានធ្លាក់ចុះជាង ២៤% ហើយការសាងសង់សំណង់ថ្មីៗបានធ្លាក់ចុះជាង ៣៩% ផងដែរ ខណៈមូលនិធិដែលបង្កើនដោយអ្នកអភិវឌ្ឍអចលនទ្រព្យរបស់ចិន បានធ្លាក់ចុះដល់ប្រហែល២៦%។

ភាពចុះទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យរបស់ចិន ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលផងដែរ ខណៈវិបត្តិបំណុលរបស់ក្រុមហ៊ុនអ្នកអភិវឌ្ឍ បានធ្វើឱ្យគម្រោងសង់អគារលំនៅដ្ឋាន មិនបានបញ្ចប់តាមផែនការ។

យោងតាមស្ថិតិផ្លូវការមួយដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនមានកំណើនត្រឹមតែ៣% ប៉ុណ្ណោះក្នុងឆ្នាំ២០២២ ដែលជាកំណើនទន់ខ្សោយបំផុត ដោយសារគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក៏ដូចជាភាពតានតឹងនូវសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាមួយអាមេរិក។ ជាមួយគ្នានេះ ការធ្លាក់ចុះវិស័យអចលនទ្រព្យក៏បានពន្យឺតដល់កំណើនសេដ្ឋកិច្ចចិនផងដែរ ខណៈវិស័យនេះ បានចូលរួមចំណែកជាង២៥%ឯណោះនៃGDPសរុប។

សូមជម្រាបថា អាជ្ញាធរចិន បានដាក់ចេញគោលនយោបាយគាំទ្រ ដែលមានគោលដៅសម្រួលដល់អ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍអចលនទ្រព្យនៅក្នុងមួយរយៈកាលចុងក្រោយនេះ បន្ទាប់ពីបានមើលឃើញនូវការធ្លាក់ចុះនៃការទិញអចលនទ្រព្យក្នុងប្រទេស។

សូមជម្រាបថា និយ័តករហិរញ្ញវត្ថុប៉េកាំង មានផែនការផ្តល់នូវការគាំទ្រហិរញ្ញវត្ថុប្រមាណ ២៤ពាន់លានដុល្លារ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ ដែលមានគុណភាពខ្ពស់ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ ខណៈរដ្ឋអំណាចកណ្តាលបានអំពាវនាវឱ្យធនាគាររដ្ឋ បង្កើនការផ្តល់កម្ចីដល់អ្នកទិញ និងអ្នកអភិវឌ្ឍអចលនទ្រព្យផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ ក្រោមគម្រោងនេះ ធនាគារកណ្តាលចិន នឹងផ្តល់កម្ចីពាក់កណ្តាលតាមរយៈក្រុមហ៊ុន Huarong Asset Management ដើម្បីជ្រើសរើសអ្នកអភិវឌ្ឍដែលស័ក្តិសមនឹងទទួលបាន ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ១,៧៥%៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ចិនត្រៀមក្រាលកម្រាលព្រំក្រហមទទួលមន្ត្រីការទូតជាន់ខ្ពស់អាមរិកជាលើកដំបូងតាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មឆ្នាំ២០១៨

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកអាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃគឺរាប់ពីថ្ងៃទី៥ដល់ទី៦ខែកុម្ភៈឆ្នាំ២០២៣ ទៅជាន់ទឹ…

កូនស្រីលោកថាក់ស៊ីនប្រកាសចូលរួមប្រជែងអំណាច ខណៈការបោះឆ្នោតនៅថៃជិតចូលមកដល់

កូនស្រីបង្កើតរបស់អតីតមេដឹកនាំថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស បានប្រកាសត្រៀមខ្លួន ដើម្បីឈរឈ្មោះប្រជែងតំណែងនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ