គេនៅចាំបានថាក្នុងកម្មវិធីទិញទំនិញធំបំផុតប្រចាំឆ្នាំ Single’s Day កាលពីឆ្នាំមុនៗ គេឃើញក្រុមហ៊ុន Alibaba តែងតែអួតបង្ហាញពីតួលេខនៃការលក់ដ៏សម្បើម ដែលកើនឡើងជារៀងរាល់ម៉ោង។ ប៉ុន្ដែ នៅឆ្នាំនេះវិញ ក្រុមហ៊ុនអាលីបាបា មិនបានបង្ហាញតួលេខការលក់ដូចមុននោះទេ។ ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុន Alibaba និងដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួនគឺ JD.com បានរាយការណ៍ថា ការលក់រួមគ្នារបស់ក្រុមហ៊ុនទាំងពីរទទួលចំនួន ១១៥ ពាន់លានដុល្លារឯណោះ។
គួរកត់សម្គាល់ផងដែរថា ក្នុងកំឡុងពេលទិញទំនិញនៅថ្ងៃ Single’s Day នេះដែរ គេមិនទាន់ឃើញមានការលើកឡើង ឬការអត្ថាធិប្បាយដោយនាយកប្រតិបត្តិពីក្រុមហ៊ុនធំៗទាំងនោះទេ។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក៏មានភាពស្ងប់ស្ងាត់ផងដែរ ក្នុងការផ្សព្វផ្សាយនៅក្នុងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ក្រាបទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗជាបន្តបន្ទាប់ ដូចជា ក្រុមហ៊ុន អាលីបាបា និង Tencent ជាដើម ។
យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានចេញគោលការណ៍ណែនាំពិសេស និងបានហាមឃាត់យ៉ាងតឹងរ៉ឹងដល់ក្រុមហ៊ុនទាំងនោះ កុំឱ្យមានការបំភាន់ លើការបញ្ចុះតម្លៃ ឬលើប្រសិទ្ធភាពនៃផលិតផល ការរៀបចំតួលេខលក់ និងការលក់ផលិតផលក្លែងក្លាយ៕
អត្ថបទ ស៊ើង និមល់