ត្រូវបានសួរនៅក្នុងសន្និសីតកាសែតប្រចាំថ្ងៃនៅទីក្រុងប៉េកាំង លោកស្រីហ្សូ ហ្វេងលាង (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនលើកឡើងថា សមយុទ្ធដែលប្រព្រឹត្តកាលពីសប្តាហ៍មុនមានបំណងបំបាក់ភាពក្រអឺតក្រទមនៃក្រុមបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ដែលចង់ទាមទារឯករាជ្យភាព។ លោកស្រីហ្សូជំរុញឱ្យប្រជាជនតៃវ៉ាន់ត្រូវដឹងអ្វីខុសនិងអ្វីត្រូវ ហើយត្រូវប្រឆាំងដាច់ខាតចំពោះឯករាជ្យ ដោយបែរមកធ្វើការជាមួយចិនដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ទោះបីយ៉ាងណា បេក្ខភាពប្រធានាធិបតីតៃវ៉ាន់ដែលកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ក្នុងខែមករាខាងមុខបន្តពីលោកស្រីសៃ អ៊ីងវេន គឺលោកវីលៀម ឡៃ (William Lai) បាននិយាយកាលពីពេលថ្មីៗនេះថា លោកមិនស្វែងរកការផ្លាស់ប្តូរស្ថានការដើមរបស់តៃវ៉ាន់ទេ ហើយបើកផ្លូវជានិច្ចសម្រាប់ការសន្ទនាជាមួយប៉េកាំង៕
តែលោកឡៃសង្កត់ធ្ងន់ថា«ចិនប៉ុនប៉ងបញ្ចូលតៃវ៉ាន់ក៏មិនបានផ្លាស់ប្តូរដែរ»។ ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីគម្របខួបលើកទី៣៧ឆ្នាំនៃបក្សគណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) ដែលកំពុងដឹកនាំកោះតៃវ៉ាន់ពេលបច្ចុប្បន្ន។
កាលពីថ្ងៃពុធក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធាចិនបន្ថែមទៀត ដោយខ្លួនបានរកឃើញយន្តហោះចម្បាំងចិនចំនួន១៦គ្រឿងបន្ថែមទៀត ហោះចូលដែនអាកាសកំណត់អត្តសញ្ញាក្នុងរយៈពេល២៤ចុងក្រោយ។ នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់ក៏នឹងត្រៀមដាក់ឱ្យដំណើរការនាវាមុជទឹកមួយគ្រឿង ផលិតដោយខ្លួនឯងដើម្បីបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងចិនដែរ។
យោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់បានប្រាប់រ៉យទ័រថា ការដាក់ពង្រាយកងនាវាមុជទឹកនេះបង្ហាញពីសមត្ថភាពឃ្លាំមើល ស៊ើបការណ៍ និងការត្រៀមខ្លួនរបស់តៃវ៉ាន់៕