តុលាការក្រុង ដាណាង បានកាត់ទោសជនជាតិចិន ឆ្មោះ Wang Qing Jian អាយុ ៥៣ឆ្នាំ ឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទលួចលុយពីអ្នកដំណើរដូចគ្នា ចំនួន ១៧.៦០០ដុល្លារអាមេរិក ខណៈស្ថិតនៅលើជើងហោះហើរមួយ ពីក្រុងហូជីមិញ ទៅទីក្រុងដាណាង កាលពីខែវិច្ឆិកា ឆ្នាំទៅមិញ។
បុរសជនជាតិរូបនេះ ត្រូវបានគេនិយាយថា បានលាក់លុយនៅក្នុងអាវធំ រួចហើយចូលក្នុងបន្ទប់ទឹក ដើម្បីយកលុយនោះទៅលាក់ក្នុងថង់ ប៉ុន្តែ អំពើទាំងនេះត្រូវបានអ្នកធ្វើដំណើរម្នាក់ទៀតបានឃើញ ហើយប្រាប់ទៅជនជនរងគ្រោះ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់វៀតណាម។
ក្រុមហ៊ុនអាកាសចរណ៍នានានៅក្នុងប្រទេសវៀតណាម បានរាយការណ៍ករណីចោរកម្មនៅលើយន្តហោះចំនួន ១១ករណី ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០១៧ ដែលចំនួននេះថយចុះតែមួយករណីប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
នៅប្រទេសវៀតណាម ច្បាប់ចាត់ទុកចោរកម្មជាបទល្មើសព្រហ្មទណ្ឌ ប្រសិនបើពាក់ព័ន្ធនឹងលុយកាក់ចាប់ពី ៨៧ដុល្លារឡើងទៅ។
កាលពីខែមេសា ឆ្នាំនេះផងដែរ តុលាការក្រុងហាណូយក៏បានកាត់ទោសជនជាតិចិនម្នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរកឃើញថា ជននោះបានលួចលុយអ្នកដំណើរចំនួន ៦២០០ដុល្លារ ខណៈកំពុងស្ថិតនៅលើជើងហោះហើរ៕