អ្នកនាង Ice Chen អាយុ ៣៦ ឆ្នាំ ជានាយកធនាគារមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន បានប្រាប់ឆ្លើយនៅក្នុងសារព័ត៌មាន Bloomberg ថា នាងមិនដែលបានទៅទីក្រុងបាងកក ប្រទេសថៃទេ នារយៈចុងក្រោយនេះ ប៉ុន្ដែ នាងបានសម្រេចចិត្តទិញអាផាតមិនដល់ទៅ ២កន្លែងឯណោះ នៅទីនោះ តាមអនឡាញ។
មនុស្សវ័យល្បាក់ជាង ៣០ ឆ្នាំ គឺស្ថិតនៅក្នុងចំណោមមនុស្សវ័យក្មេងជនជាតិចិន ដែលជាក្រុមជំនាញ ខាងទិញអចលនទ្រព្យក្រៅប្រទេសនៅលើអនឡាញ។
វែបសាយ លក់អចលនវត្ថុអន្តរជាតិ ធំមួយគឺ uoolu.com បានរាយការណ៍ថា មានការកើនឡើងប្រតិបត្តិការទិញលើអនឡាញ រហូតដល់ ៦០ ភាគរយ ស្មើនឹងតម្លៃទឹកប្រាក់ប្រមាណ ៧៤០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ និងត្រូវបានព្យាកថា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០១៩នេះ។ ប្រាក់ជាច្រើនត្រូវបានហូរចូលទៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងលក់អចលនវត្ថុមានតម្លៃទាបបើធៀបនឹងទីក្រុងប៉េកាំង និងសៀហៃ។
ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន Bloomberg លោក Liu Yuan ប្រធានភ្នាក់ងារស្រាវជ្រាវអចលនវត្ថុក្រុមហ៊ុន Centaline Group ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ក៏បានឲ្យដឹងដែរថា តម្រូវការគឺមានខ្ពស់ណាស់ ក្នុងចំណោមប្រជាជនចិនចំណូលមធ្យម ហើយការទិញអចលនវត្ថុតាមអនឡាញនេះ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ពួកគេ។
របាយការណ៍ បានបញ្ជាក់ថា ក្នុងចំណោមជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេសទាំងនោះ មានប្រមាណ ៦៨,៨% គឺទិញសម្រាប់វិនិយោគ (ទុកលក់ ឬជួល) មាន១០,៤% ទិញសម្រាប់ការស្នាក់នៅបន្តការសិក្សា ៩,៦% ទិញដើម្បីសម្រាកលំហែកាយពេលថ្ងៃឈប់សម្រាក ៤,៧% ផ្សេងទៀត ទិញសម្រាប់ការរស់នៅពេលចូលនិវត្តន៍ និងមកព្យាបាលជំងឺ និង ៦,៥% គឺទិញប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ។
ភាពងាយស្រួលក្នុងការទិញ គឺជាការទាក់ទាញមួយ ដោយអ្នកទិញ អាចជ្រើសរើសអចលនវត្ថុដែលខ្លួនពេញចិត្ត ដោយប្រើប្រាស់ពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ជាមួយនឹងនឹងការបង់ប្រាក់កក់មុនយ៉ាងតិច១.៥០០ ដុល្លារអាមេរិក។ បន្ទាប់មក អ្នកទិញ ក៏អាចប្រើប្រាស់វែបសាយនោះ ដើម្បីទទួលបានកម្ចីពីធនាគារនៅក្រៅប្រទេសផងដែរ ព្រមទាំងអាចស្វែងរកអ្នកជួល និងទទួលបានប្រាក់ជួលជាដើម។
របាយការណ៍របស់ uoolu.com បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកទិញ ចលនវត្ថុ មានប្រហែលពាក់កណ្ដាល គឺទិញដោយមិនបានទៅមើលអចលនវត្ថុនោះ ដោយផ្ទាល់នោះឡើយ ខណៈដែលអ្នកទិញ២២ភាគយរទៀត គឺទិញដោយមិនបានឃើញដូចគ្នា ដោយគ្រាន់តែឃើញនៅលើ អនឡាញ ថែមទាំងមិនបានទាក់ទងសួរនាំតាមទូរស័ព្ទ ឬជួបមុខផ្ទាល់ ជាមួយនឹងភ្នាក់ងារលក់នោះឡើយ។
ប្រទេសថៃ ឥណ្ឌូនេស៊ី និងភីលីពីន គឺដូចជាប្រទេសមួយចំនួនទៀតដែរ មិនសូវមានឧបសគ្គសម្រាប់ជនបរទេសទិញអចលនវត្ថុនោះឡើយ។ ដូច្នេះ ហើយទើបប្រទេសទាំងនេះ កំពុងមានការពេញនិយមពីសំណាក់អ្នកទិញជនជាតិចិន។
ជាក់ស្ដែង ប្រទេសថៃ គឺមានការពេញនិយមបំផុត កាលពីឆ្នាំមុន សម្រាប់អ្នកទិញអចលនវត្ថុដែលជាជនជាតិចិន។ តាមរការស្រាវជ្រាវបានឲ្យដឹងថា ចិនដីគោក និងចិនហុងកុង បានទិញអាផាតមិនថ្មីៗប្រហែល១៥.០០០ អាផាតមិននៅទីក្រុងបាងកក ដែលមានចំនួនស្មើនឹងពាក់កណ្ដាលនៃអ្នកទិញ ដែលជាជនបរទេសសរុប៕